Feature

សាស្រ្តាចារ្យ ឈាង រ៉ា ជំរុញបង្កើនការយកចិត្តទុកដាក់ កសាងវប្បធម៌សុវត្ថិភាព ចាប់ពីការថែទាំសុខភាពបឋម

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ាជំរុញឱ្យមានការបង្កើនការយកចិត្តទុកដាក់កសាង វប្បធម៌សុវត្ថិភាព (Safety Culture) ចាប់ពីការថែទាំសុខភាពបឋមនៅកម្រិតមូលដ្ឋាន ។

ក្នុងទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ស្តីពី ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង និងពាក្យស្លោក៖ «ការថែទាំប្រកបដោយសុវត្ថិភាព ដើម្បីជីវិត!» នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យ ឈាង រ៉ាបានលើកឡើងថា នៅទូទាំងសកលលោក ជំងឺមិនឆ្លង គឺជាមូលហេតុចម្បង នៃការស្លាប់រហូតដល់ប្រមាណបីភាគបួន (៧៥%) នៃករណីស្លាប់សរុប។ ទិន្នន័យពិភពលោកបង្ហាញថា អ្នកជំងឺប្រមាណ១នាក់ ក្នុងចំណោម ១០នាក់ បានជួបប្រទះគ្រោះថ្នាក់ ឬការប៉ះពាល់ដោយអចេតនា នៅចំណុចណាមួយក្នុងដំណើរនៃការថែទាំសុខភាព ហើយអ្វីដែលសំខាន់នោះគឺ ជិតពាក់កណ្តាល នៃគ្រោះថ្នាក់ទាំងនោះ ជាគ្រោះថ្នាក់ដែលអាចទប់ស្កាត់បាន ។

រដ្ឋមន្រ្តីបន្តថា សមិទ្ធផលនៃការប្រារព្ធទិវាពិភពលោកសុវត្ថិភាព អ្នកជំងឺថ្នាក់ជាតិនេះ មានការគាំទ្រពី អង្គការសុខភាពពិភពលោក (WHO) រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA និងការគាំទ្របច្ចេកទេសពី Joint Commission International និងដៃគូផ្សេងៗទៀត។ តាមរយៈការអនុវត្តស្តង់ដាទទួលស្គាល់គុណភាពមន្ទីរពេទ្យកម្ពុជា (CHAS) កំណែទី២ បានដាក់បញ្ចូលសុវត្ថិភាពអ្នកជំងឺជាស្នូលសំខាន់ និងផ្តោតលើគុណភាពសេវា។ បន្ថែមលើនេះ គោលនយោបាយជាតិស្តីពីសុវត្ថិភាពអ្នកជំងឺ និងផែនការសកម្មភាពជាតិ ២០២៦-២០៣០ កំពុងស្ថិតក្នុងដំណាក់កាលពិនិត្យស៊ីជម្រៅបន្ថែម ដែលនឹងកំណត់ទិសដៅយុទ្ធសាស្ត្រជាតិតែមួយ ចាប់តាំងពីមន្ទីរពេទ្យជាតិ រហូតដល់មណ្ឌលសុខភាព។

រដ្ឋមន្រ្តីបន្ថែមថា ការប្រារព្ធទិវាសុវត្ថិភាពអ្នកជំងឺ ស្របគ្នាទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង គតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចាត់ទុកការលើក កម្ពស់សុខុមាលភាពប្រជាជន គឺជាអាទិភាពគន្លឹះក្នុងការអភិវឌ្ឍធនធានមនុស្ស។ ជាងនេះទៅទៀត ការធានាឱ្យបាននូវសុវត្ថិភាពអ្នកជំងឺក្នុងការថែទាំជំងឺ ជាពិសេសជំងឺមិនឆ្លង ។

ឆ្លៀតក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះ ៤ចំណុចសំខាន់ៗ ដែលជាជំនួយក្នុងការអនុវត្តបន្តប្រកបដោយប្រសិទ្ធភាព៖ កសាង «វប្បធម៌សុវត្ថិភាព» (Safety Culture) , លើកកម្ពស់ការយល់ដឹង និងការយកចិត្តទុកដាក់ ដល់អ្នកដឹកនាំសុខាភិបាល មន្ត្រីសុខាភិបាល និងសាធារណជន អំពីបញ្ហាប្រឈម នៃសុវត្ថិភាពអ្នកជំងឺពាក់ព័ន្ធ ជាពិសេសជំងឺមិនឆ្លង , ជំរុញការចូលរួមពីអ្នកជំងឺ និងសហគមន៍ ក្នុងការកំណត់ស្វែង រកហានិភ័យសុវត្ថិភាព និងការរួមគ្នាកសាងដំណោះស្រាយចំពោះអ្នកជំងឺ ក្នុងការផ្តល់សេវាថែទាំសុខភាព និងមន្រ្តីសុខាភិបាលគ្រប់កម្រិត ដែលជាអ្នកទ្រទ្រង់បន្ទុកផ្ទាល់ នៃការងារនេះ បន្តការយកចិត្តទុកដាក់ដល់អ្នកជំងឺ ជាពិសេសអ្នកជំងឺរ៉ាំរ៉ៃ ដែលត្រូវត្រឡប់មកទទួលសេវា នៅមូលដា្ឋនសុខាភិបាលឱ្យកាន់តែងាយស្រួល។

សាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការអនុវត្ត គោលនយោបាយសុវត្ថិភាពអ្នកជំងឺ ការអភិវឌ្ឍប្រព័ន្ធថែទាំសុខភាពជាបឋម និងការយកចិត្តទុកដាក់ខ្ពស់លើការថែទាំអ្នកជំងឺមិនឆ្លង ដើម្បីរួមចំណែកឆ្ពោះទៅសម្រេចគោលដៅជាតិ និងសកល៕

To Top