Feature

រយៈពេល៣ឆ្នាំ វិទ្យាស្ថានពហុបច្ចេកទេស មិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បណ្តុះយុវជនជំនាញជាង ៥ពាន់នាក់

ព្រះសីហនុ៖ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បានបណ្តុះបណ្តាលយុវជនសរុបជាង ៥ពាន់នាក់ ឱ្យមានជំនាញដែលឆ្លើយតប នឹងតម្រូវការទីផ្សារការងារ។

លោក ប៊ូ សំអាត នាយកវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក វិទ្យាស្ថានបានបណ្តុះបណ្តាលសិស្ស-និស្សិតកម្រិត C2, C3, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកវិទ្យា សរុប ១,៤៤១នាក់ ក្នុងនោះស្ត្រី ៥៨០នាក់ ខណៈសិស្សកម្រិត C1 តាមរយៈកម្មវិធីអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១លាន ៥សែននាក់ ( TVET 1.5M) មានចំនួន ៣,៦២៦នាក់ ក្នុងនោះស្ត្រី ១,៣២២នាក់។

លោកនាយកបានមានប្រសាសន៍ថា៖ «គោលដៅរបស់វិទ្យាស្ថាន គឺមិនត្រឹមតែផ្តល់ចំណេះដឹងទ្រឹស្តីដ ល់សិស្ស-និស្សិតប៉ុណ្ណោះទេ ប៉ុន្តែផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង ដើម្បីឱ្យពួកគេមានជំនាញច្បាស់លាស់ អាចយកទៅប្រើប្រាស់ក្នុងការងារ និងឆ្លើយតបនឹងតម្រូវការរបស់សហគ្រាស»។

លោកបានបន្តថា តាមរយៈកម្មវិធី TVET 1.5M វិទ្យាស្ថានបានចូលរួមផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារប្រឈមហានិភ័យ ឱ្យទទួលបានការបណ្តុះបណ្តាលជំនាញក្នុងរយៈពេលខ្លី ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភ និងការគាំទ្រដោយផ្ទាល់ ដែលជួយឱ្យយុវជនមានលទ្ធភាពរៀនជំនាញ និងឈានទៅរកការងារធ្វើ។

ជាមួយគ្នានេះ លោក ប៊ូ សំអាត បានបញ្ជាក់ថា ចំណុចសំខាន់មួយទៀត របស់វិទ្យាស្ថាន គឺការភ្ជាប់ការ បណ្តុះបណ្តាលទៅនឹង តម្រូវការការងារជាក់ស្តែង។ លោកបញ្ជាក់ថា អតីតសិស្ស-និស្សិតដែលបានបញ្ចប់ការសិក្សា មានអត្រាទទួលបានការងារធ្វើ ជាង ៩០ភាគរយ នៅតាមរោងចក្រ ក្រុមហ៊ុន និងសហគ្រាសនានា ក្នុងតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ជុំវិញខេត្តព្រះសីហនុ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គឺជាយន្តការសំខាន់មួយក្នុងការរៀបចំកម្លាំង ពលកម្មកម្ពុជាឱ្យមានជំនាញ សមស្របទៅនឹងតម្រូវការទីផ្សារការងារ ជាពិសេសនៅតំបន់ដែលកំពុង មានការរីកចម្រើនផ្នែកឧស្សាហកម្ម និងសេដ្ឋកិច្ច។

លោកបានមានប្រសាសន៍ថា៖ «ការដែលយុវជន ទទួលបានជំនាញច្បាស់លាស់ និងអាចយកជំនាញនោះ ទៅប្រើប្រាស់រកការងារធ្វើ គឺជាចំណុចសំខាន់នៃការបណ្តុះបណ្តាល TVET។ ដូច្នេះ ក្រសួងបន្តជំរុញឱ្យគ្រឹះស្ថាន TVET ពង្រឹងគុណភាពបណ្តុះបណ្តាល និងឱ្យកាន់តែស៊ីគ្នាជាមួយតម្រូវការរបស់ទីផ្សារការងារ»។

លោក ស៊ុន មេសា បានបន្ថែមថា ការចូលរួមរបស់គ្រឹះស្ថាន TVET នៅតាមរាជធានី-ខេត្ត មិនត្រឹមតែជួយបង្កើន ចំនួនអ្នកមានជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យយុវជនអាចស្វែងរកការងារធ្វើនៅក្នុងស្រុក មានចំណូល និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

To Top