រដ្ឋមន្ត្រី ហួត ហាក់៖ ផែនការអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៦-២០៣០ នឹងប្រែខេត្តសៀមរាប ជាគោលដៅទេសចរណ៍ បេតិកភណ្ឌឆ្លាតវៃ កម្រិតពិភពលោក
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់ថា ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៦-២០៣០ នឹងប្រែក្លាយខេត្តសៀមរាប ជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃ កម្រិតពិភពលោក ដែលផ្សារភ្ជាប់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ប្រកបដោយភាពធន់ បរិយាបន្ន ចីរភាព និងការទទួលខុសត្រូវ ។

ការលើកឡើងរបស់ លោក ហួត ហាក់ ខាងលើនេះធ្វើឡើង ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៦-២០៣០» ដែលផែនការនេះ ជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាព អនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប កាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ខេត្តសៀមរាប ក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃ កម្រិតពិភពលោក ដើម្បីផ្តល់បទពិសោធដ៏វិសេសវិសាល ដល់ភ្ញៀវទេសចរ និងរួមចំណែកលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានលើកឡើងថា ខេត្តសៀមរាប ប្រៀបបាននឹងដួងព្រលឹង នៃព្រះរាជាណាចក្រកម្ពុជា ជាទឹកដីអរិយធម៌ដ៏រុងរឿង និងជាទីតាំងនៃប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ និងជាកំណប់ទ្រព្យ ដ៏វិសេសវិសាលរបស់មនុស្សជាតិ។ ខេត្តសៀមរាប មិនត្រឹមតែឆ្លុះបញ្ចាំងពីតថភាពនៃប្រវត្តិសាស្ត្រ សិល្បៈដ៏រស់រវើកនិងវប្បធម៌ អរិយធម៌ដ៏ឧត្ដុង្គឧត្ដមរបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ ដែលតំណាងឱ្យអត្តសញ្ញាណ កិត្យានុភាព និងមោទនភាពជាតិខ្មែរនៅលើឆាកអន្តរជាតិផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា នៅក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍ នៅក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ, បន្ថែមលើសក្តានុពលដែលមានស្រាប់ យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ (សៀមរាប លើសពីតំបន់អង្គរ) , កែលម្អនិងពង្រឹងគុណភាពសេវាកម្មទេសចរណ៍, បង្កើនភាពទាក់ទាញ ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថាខេត្តសៀមរាប អាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី និងដើរទាន់យុគសម័យ នៃការប្រកួតប្រជែង ជាមួយគោលដៅទេសចរណ៍សំខាន់ៗ ក្នុងតំបន់ និងសកលលោកបាន។

បន្ថែមលើនេះ លោករដ្ឋមន្រ្តី ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន៖ ទី១).ការបន្តច្នៃប្រឌិត និងបង្កើតទីតាំង ដែលជាអត្តសញ្ញាណរបស់ខេត្តសៀមរាប និងពិនិត្យលទ្ធភាពបំផុសសក្តានុពល នៃទីតាំង ឬលំហសាធារណៈក្នុងខេត្ត ដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ ដើម្បីបម្លែងឱ្យក្លាយជាផលិតផល និងបទពិសោធទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញខ្ពស់។ ទី២).ការរៀបចំឱ្យមាននិទានកថា (Story Telling) នៅតាមទីតាំងសក្តានុពលទេសចរណ៍ ដោយក្នុងសម័យទេសចរណ៍ទំនើប យើងមិនត្រឹមតែ “លក់ទីកន្លែង” ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ “លក់រឿងរ៉ាវ លក់បទពិសោធ និងលក់អារម្មណ៍” ត្រូវផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រ, វប្បធម៌, ស្ថាបត្យកម្ម ជីវភាពរស់នៅ, អាហារ, និងលក្ខណៈពិសេសរបស់ទីតាំង ដែលមានភាពទាក់ទាញ និងមានភាពខុសប្លែក។ ទី៣).ការបង្កើត Branding របស់ខេត្តសៀមរាប ដែលផ្តោតលើការកសាងម៉ាកគោលដៅទេសចរណ៍ខេត្តសៀមរាប ឱ្យមានអត្តសញ្ញាណពិសេស និងអាចដក់ជាប់ក្នុងការចងចាំរបស់ភ្ញៀវទេសចរ។ និងទី៤).ត្រូវពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍ នាពេលរាត្រីដើម្បីពន្យារពេលស្នាក់នៅ របស់ភ្ញៀវទេសចរ៕

