ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា ជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស ចំពោះជនជាប់ឃុំ ដែលកំពុងអនុវត្តទោស ក្នុងពន្ធនាគារ

កំពង់ស្ពឺ៖ សមាជិកព្រឹទ្ធសភាកម្ពុជា លោក ងី ច័ន្ទ្រផល បានជំរុញឱ្យមានការគោរព សិទ្ធិមនុស្ស ឱ្យបានគ្រប់ជ្រុយជ្រោយ ចំពោះជនជាប់ឃុំនៅក្នុងពន្ធនាគារ បើទោះបីពួកគេជាអ្នកទោសក៏ដោយ ។ ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូគណៈកម្មការទី១នៃព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ នារសៀលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ម្យ៉ាងវិញទៀតជាការស្វែង យល់អំពីស្ថានភាពអ្នកជាប់ឃុំ និងបញ្ហាប្រឈម ការលំបាក ក៏ដូចជាសំណូមពររបស់ពន្ធនាគារខេត្តកំពង់ស្ពឺ ដែលក្នុងជំនួបនោះក៏មានការចូលរួមអម ដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ប្រចាំខេត្តកំពង់ស្ពឺផងដែរ។

លោក ងី ច័ន្ទ្រផល បានលើកឡើងថា ពន្ធនាគារគឺជាកន្លែងកែប្រែឥរិយាបទជនជាប់ទោស តាមរយ:ការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវ: និងកែលម្អចរិកលក្ខណៈបុគ្គល ដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋល្អ នៅពេលដែលសមាហរណកម្មចូលទៅសហគមន៍វិញ។ ប៉ុន្តែកំឡុងពេលដែលបាននិងកំពុងស្ថិតក្នុងដំណាក់កាលនៃការអប់រំ បណ្តុះបណ្តាលនេះ គឺទាមទារឱ្យមានការគោរព សិទ្ធិមនុស្សឱ្យបានគ្រប់ជ្រុងជ្រោយព្រោះថា ទោះបីជាពួកគេកំពុង ជាប់ឃុំក៏នៅមានសិទ្ធិមួយចំនួនដែលត្រូវគោរព និងអនុវត្តផងដែរ។ ជាមួយគ្នានេះត្រូវយកចិត្តទុកដាក់ឱ្យ បានខ្ពស់ចំពោះអ្នកជាប់ឃុំជាស្ត្រី ជាពិសេសស្ត្រីមានផ្ទៃពោះ ផ្តល់ការថែទាំសុខភាព ហើយចំពោះកុមារតូចក្រោយប្រសូត្រ ត្រូវតែចុះបញ្ជីសំបុត្រកំណើតជូនពួកគេឱ្យបានសមស្រប និងទាន់ពេលវេលា ផ្តល់អាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់។

លោក ងី ច័ន្ទ្រផល បានគូសបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សមានបេសកកម្មច្រើនក្នុងការលើកស្ទួយ ការការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ក្នុងចំណោមបេសកកម្មទាំងអស់នោះគឺមានបេសកកម្មមួយ ដែលអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស តែងតែចុះធ្វើការត្រួតពិនិត្យស្ថានភាព សិទ្ធិមនុស្សជាប់ជាប្រចាំរបស់អ្នកជាប់ឃុំ នៅក្នុងពន្ធនាគារ ដោយក្នុងនោះតែងតែផ្តល់ជំនួយផ្សេងៗ រួមមាន ជំនួយផ្នែកច្បាប់ និងជំនួយផ្នែកមនុស្សធម៌។ សម្រាប់ជំនួយផ្នែកច្បាប់ គឺការផ្តល់មេធាវី ការពារក្តីដោយឥតគិតថ្លៃ សម្រាប់ជនដែលជាប់ឃុំដែលគ្មានមេធាវី រួមទាំងការប្រឹក្សាផ្នែកច្បាប់។ ចំណែកជំនួយផ្នែកមនុស្សធម៌ គឺមានការផ្តល់ជាថ្នាំសង្កូវ និងអាហារូបត្ថម្ភផ្សេងៗ សម្រាប់អ្នកដែលជាប់ឃុំដែលខ្វះខាតជាពិសេសស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលមានកូនតូចនៅជាមួយ ព្រមទាំងស្វែងរកអង្គការដៃគូនានា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលយកក្មេងទាំងនោះទៅចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ការអប់រំជាដើម។

ក្នុងឱកាសនោះដែរ លោកអគ្គានុរក្សថ្នាក់លេខ២ ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ក៏បានលើកឡើងផងដែរថា ពន្ធនាគារខេត្តកំពង់ស្ពឺបច្ចុប្បន្នកំណើនជនជាប់ឃុំមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលគិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ មានរហូតដល់ ៣៤៥៥នាក់ ក្នុងនោះស្ត្រី១៦៣នាក់ កូនតាមម្តាយ៦នាក់ ស្រី២នាក់ ស្ត្រីមានផ្ទៃពោះ២នាក់។ ការកើនឡើងនៃជនជាប់ឃុំគឺភាគច្រើនជាបទល្មើសជួញដូរ ប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលគិតសរុបមានប្រមាណជាង ២ពាន់នាក់ នៃជនជាប់ឃុំសរុប។

ជុំវិញនៃកំណើនជនជាប់ឃុំ លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ ទីន សុវណ្ណនី បានបង្ហាញពីបញ្ហាប្រឈម ដែលកំពុងកើតមាននៅក្នុងពន្ធនាគារ ដូចជា អាគារឃុំមានសភាពចាស់ ចង្អៀតណែនខ្លាំង មិនអាចបែងចែកបទល្មើសនៃជនជាប់ឃុំ ពិបាកក្នុងការការពារសន្តិសុខ ជំងឺឆ្លងរាលដាល ខ្វះថ្នាំសង្កូវក្នុងការព្យាបាល ខ្វះសម្ភារប្រើប្រាស់ ខ្វះសម្លៀកបំពាក់ ។ ក្នុងនោះពន្ធនាគារគ្មានឧបករណ៍ឆែកឆេររុករកសម្ភារហាមឃាត់ និងគ្មានទីធ្លាសមស្របសម្រាប់អនុវត្តកម្មវិធីស្តារនីតិសម្បទាជូនដល់ជនជាប់ឃុំ៕
ដោយ÷សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|ដើមអម្ពិល|រូបថតសមត្ថកិច្ច

To Top