សមត្ថកិច្ចកម្ពុជា បញ្ជូនពលរដ្ឋថៃ ១១នាក់ ត្រឡប់ទៅស្រុកកំណើត និងទទួលយកពលរដ្ឋខ្មែរ ៣២នាក់ ត្រឡប់មកមាតុភូមិវិញ
បន្ទាយមានជ័យ៖ សមត្ថកិច្ចកម្ពុជា-ថៃ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានបើកកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ នៅឯច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីអនុវត្តនីតិវិធីប្រគល់ទទួលពលរដ្ឋខុសច្បាប់ នៃប្រទេសទាំងពីរឱ្យស្របតាមច្បាប់អន្តោប្រវេសន៍។

កិច្ចប្រតិបត្តិការដ៏រលូននេះ ត្រូវបានរៀបចំឡើង ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដោយកម្លាំងស្នាក់ការត្រៀម បណ្ដេញចេញខេត្តសៀមរាប និងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ ព្រមទាំងមានកិច្ចសហការគ្នាយ៉ាងសកម្មពីសំណាក់ភាគីថៃ តំណាងដោយលោកស្រី អនុសេនីយ៍ឯក Prapharat Pinpradub ក្នុងនោះក៏មានការចូលរួមពីអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធផងដែរ។

ជាលទ្ធផលនៃកិច្ចសហការនេះ សមត្ថកិច្ចបានអនុវត្តវិធានការពីរករណីដោយឡែកពីគ្នា គឺករណីទី១ សមត្ថកិច្ចកម្ពុជា បញ្ជូនពលរដ្ឋថៃចំនួន ១១នាក់ (ស្រី ០៥នាក់) ដែលបានអនុវត្តទោសចប់រាល់បទល្មើសលួចស្នាក់នៅខុសច្បាប់ ឱ្យវិលត្រឡប់ទៅប្រទេសខ្លួនវិញ និងករណីទី២ សមត្ថកិច្ចកម្ពុជាទទួលយកពលរដ្ឋខ្មែរចំនួន ៣២នាក់ (ស្រី ០៧នាក់ និងកុមារ ០៣នាក់) ដែលត្រូវបានភាគីថៃបញ្ជូនត្រឡប់មកវិញ ។
បន្ទាប់ពីបានផ្តល់អាហារសម្រន់ និងបំពេញបែបបទធ្វើសម្រង់សាវតា សមត្ថកិច្ចបានចាត់ចែងដឹកជញ្ជូន ពលរដ្ឋខ្មែរទាំងនោះយក ទៅប្រគល់ជូនមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីបន្តនីតិវិធី៕



អត្ថបទ: ប៊ុន សំណាង / Dap News
