Feature

អភិបាលខេត្តកំពង់ចាម នាំអំណោយផ្ដល់ជូនប្រជាពលរដ្ឋ ២៣ គ្រួសាររងគ្រោះដោយបាក់ច្រាំងទន្លេ នៅស្រុកស្រីសន្ធរ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២៦ នេះ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនប្រជាពលរដ្ឋ ២៣ គ្រួសាររងគ្រោះដោយសារបាក់ច្រាំងទន្លេ ក្នុងរដូវវស្សាកន្លងមកនេះ ស្ថិតនៅក្នុងឃុំចំនួន៤ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការជួយជ្រោមជ្រែងរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សុទ្ធតែជាគោលការណ៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារបស់យើង ក្នុងការចុះមកដោះស្រាយ ជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ក្នុងរដូវវស្សាកន្លងទៅនេះ យ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ៧,០០០ គ្រួសារ ដែលបានរងគ្រោះដោយសារការជំនន់នៃទឹកទន្លេមេគង្គ រួមទាំងផ្ទៃដីដំណាំបង្គាប់បង្កើនផលប្រមាណជាជាង ៦០០ ហិចតាផងដែរ។

គួរបញ្ជាក់ថា អំណោយសម្តេចមហាបវរធិបតី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដែលបានផ្តល់ជូនពលរដ្ឋទាំង ២៣គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានអង្ករ ២៥គក្រ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស តង់ ១ ឃីត ១សម្រាប់ (មុង ភួយ ក្រមា សារុង) និងថវិកា ចំនួន ៤០ម៉ឺនរៀល ។

ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ទិន្នន័យឱ្យបានជាក់លាក់ ដើម្បី ដាក់ផែនការសង្គ្រោះបន្ទាន់ និងធ្វើការស្តារឡើងវិញ ឱ្យមានប្រសិទ្ធភាព និងចំគោលដៅ នូវហេដ្ឋារចនាសម្ព័ន្ធ និងការខូចខាតនានាដោយករណីបាក់ច្រាំងទន្លេដែលកំពុងកើត មាននេះ ពោលគឺដើម្បីធានាបាននូវប្រសិទ្ធភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ និង ឆ្លើយតបបានទាន់ពេលវេលា ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: មន្ត្រីសាលាខេត្ត

To Top