Feature

រថភ្លើងដឹកប្រេង ក្រឡាប់ធ្លាក់ផ្លូវដែក នៅខេត្តបាត់ដំបង អ្នកនាំពាក្យក្រសួងសាធារណការ អំពាវនាវ ពលរដ្ឋកុំទៅដួសប្រេងដែលកំពប់

បាត់ដំបង ៖ យ៉ាងហោចណាស់ មានទូររថភ្លើងដឹកប្រេងចំនួន ៤ទូរ បានក្រឡាប់ធ្លាក់ចេញពីផ្លូវដែក នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ។ ជុំវិញហេតុការណ៍នេះ អាជ្ញាធរបានចេញសេចក្តីព្រមានយ៉ាងម៉ឺងម៉ាត់ ដល់ប្រជាពលរដ្ឋ មិនឱ្យចូលទៅក្បែរ ឬដួសប្រេងដែលកំពប់នោះឡើយ ដើម្បីបញ្ចៀសគ្រោះថ្នាក់អគ្គិភ័យ ។

បើយោងតាម លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ធ្លាក់ផ្លូវដែកនេះ បានកើតឡើងនៅវេលាម៉ោង ១២:៣៧នាទីរសៀល ត្រង់ចំណុចគីឡូម៉ែត្រលេខ២៧៧ នៃខ្សែរថភ្លើងភាគខាងជើង។ រថភ្លើងដែលជួបគ្រោះថ្នាក់មានលេខ ៦៦៩៧ ធ្វើការដឹកជញ្ជូនប្រេងម៉ាស៊ូត១៣ទូរ និងប្រេងសាំង១៣ទូរ ចេញពីស្ថានីយតេឡា ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ស្ថានីយតេលា បឹងព្រីង ខេត្តបាត់ដំបង។ ការក្រឡាប់នេះបណ្តាលឱ្យរងការខូចខាតទូរប្រេងចំនួន ៤ រួមមានទូរប្រេងម៉ាស៊ូតចំនួន ៣ទូរ (លេខ០៩, លេខ១២ និងលេខ១៣) និងទូរសាំងចំនួន ១ទូរ (លេខ១៤)។

ទោះជាយ៉ាងណា របាយការណ៍បានបញ្ជាក់ថា ហេតុការណ៍នេះមិនបានបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួស ឬប៉ះពាល់ដល់អាយុជីវិតឡើយ ដោយមានត្រឹមតែការខូចខាតផ្លូវដែក មួយចំនួននៅត្រង់ចំណុចកើតហេតុប៉ុណ្ណោះ។

ភ្លាមៗក្រោយការរាយការណ៍ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្រុងបាត់ដំបង បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះទៅប្រចាំការនៅទីតាំងផ្ទាល់ ដើម្បីត្រៀមអន្តរាគមន៍ទប់ស្កាត់ក្រែងមានអគ្គិភ័យឆាបឆេះកើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនេះ នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Royal Railway Cambodia ដើម្បីដោះស្រាយ និងសង្គ្រោះទូររថភ្លើងទាំងនោះ។

ជាការក្រើនរំលឹក និងដើម្បីសុវត្ថិភាព អាជ្ញាធរបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ សូមកុំនាំគ្នាចូលទៅដង ឬដួសប្រេងដែលកំពប់ចេញពីទូររថភ្លើងទាំងនោះឱ្យសោះ ដើម្បីធានាសុវត្ថិភាពអាយុជីវិតផ្ទាល់ខ្លួន និងជៀសវាងការរំខានដល់ប្រតិបត្តិការសង្គ្រោះរបស់សមត្ថកិច្ច។

To Top