មុខជំនាញចំនួន៩ នៅវិទ្យាស្ថាន PIKP ដែលមានការគាំទ្រ និងប្រជាប្រិយខ្លាំងពីសំណាក់ យុវជននៅក្នុងខេត្តកំពង់ចាម
កំពង់ចាម ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានជំនាញបច្ចេកទេស និងវិជ្ជាជិវៈច្រើន ដែលកំពុងបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដោយក្នុងនោះមានមុខជំនាញចំនួន៩ ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋទូទៅ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តកំពង់ចាម។

លោក ហាវ ធិន នាយកនៃវិទ្យាស្ថាន PIKP បានឱ្យដឹងថា មុខជំនាញដែលមានភាពលេចធ្លោជាងគេរួមមាន ជំនាញវិស្វកម្មអគ្គិសនី, វិស្វកម្មព័ត៌មានវិទ្យា, ការងារកំបោរ, ការងារការ៉ូ, ការធ្វើម្ហូបខ្មែរ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, និងការថែទាំ និងជួសជុលរថយន្ត។

លោកបញ្ជាក់ថា៖«អនាគតដ៏ល្អ មិនមែនកើតចេញមកពីការរង់ចាំឱកាសនោះទេ ប៉ុន្តែកើតចេញមកពីការត្រៀមខ្លួនឱ្យមានសមត្ថភាពសម្រាប់ឱកាស។ ការសិក្សាត្រូវភ្ជាប់ជាមួយតម្រូវការពិតប្រាកដរបស់ទីផ្សារការងារ និងវិស័យឯកជន ដើម្បីរួមគ្នាបណ្ដុះបណ្ដាលធនធានមនុស្សដែលមានជំនាញស្របតាមតម្រូវការទីផ្សារការងារ»។

នៅក្នុងនោះ វិទ្យាស្ថានក៏បានបង្ហាញពីទស្សនៈក្នុងការជំរុញសិស្សនិស្សិតរបស់ខ្លួនឱ្យឆាប់ទទួលបានឱកាសហាត់ការ និងឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា តាមរយៈយន្តការសំខាន់ៗជាច្រើន ដោយវិទ្យាស្ថានខិតខំពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជននានា ដើម្បីបង្កើតឱកាសកម្មសិក្សា និងហាត់ការ ព្រមទាំងឱកាសការងារសម្រាប់សិស្សនិស្សិត ហើយវិទ្យាស្ថានបានផ្តោតលើការពង្រឹងសមត្ថភាពសិស្សនិស្សិត តាមរយៈការអនុវត្តជាក់ស្តែងជាមួយគ្រឿងឧបករណ៍ និងបរិក្ខារបច្ចេកទេស ដើម្បីឱ្យពួកគេទទួលបានជំនាញ និងបទពិសោធន៍ដែលស្របតាមតម្រូវការទីផ្សារការងារ។

លោកនាយកបានបញ្ជាក់ថា៖«ការសិក្សាត្រូវភ្ជាប់ជាមួយតម្រូវការពិតប្រាកដរបស់ទីផ្សារការងារ និងវិស័យឯកជន ដើម្បីរួមគ្នាបណ្ដុះបណ្ដាលធនធានមនុស្សដែលមានជំនាញស្របតាមតម្រូវការទីផ្សារការងារ។ យើងផ្ដល់ឱកាសឱ្យសិស្សចុះកម្មសិក្សា និងអ្នកហាត់ការអាចចូលទៅសិក្សា និងអនុវត្តជំនាញនៅក្នុងបរិយាកាសការងារពិតប្រាកដ» ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់សិស្សានុសិស្សដែលកំពុងស្វែងរកជំនាញសម្រាប់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ សូមធ្វើការជ្រើសរើសដោយមានការពិចារណាឱ្យបានច្បាស់លាស់ មិនគួរជ្រើសរើសតាមចំណង់ចំណូលចិត្តតែមួយមុខ ឬតាមគ្នានោះទេ។ សិស្សានុសិស្សគួរស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់ មុននឹងសម្រេចចិត្ត ដោយផ្អែកលើសមត្ថភាព លទ្ធភាព និងជំនាញដែលអាចជួយបើកផ្លូវទៅរកអនាគត និងឱកាសការងារល្អប្រសើរ៕

