រដ្ឋបាលក្រុងសិរីសោភ័ណ បើកយុទ្ធនាការ បោសសម្អាតស្បៃមុង បិតផ្លូវទឹកក្នុងរដូវត្រីពង
បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងសិរីសោភ័ណ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចាត់តាំងក្រុមការងារសហការជាមួយមន្ត្រីជំនាញ ចុះប្រតិបត្តិបង្ក្រាប រុះរើ និងកម្ទេចឧបករណ៍ស្បៃមុងបិតអូរ និងប្រឡាយទឹក មួយកន្លែងក្នុងក្រុងសិរិសោភ័ណ ដែលជាឧបស័ក្កបង្កការរាំងស្ទះ ដល់ចរាចរណ៍ត្រីឡើងពងកូន ក្នុងរដូវបិទនេសាទ ស្របតាមបទបញ្ញតិ្តដ៏តឹងរ៉ឹងនៃច្បាប់ស្តីពីជលផល។

វិធានការដ៏ក្តៅគគុកនេះ ត្រូវបានអនុវត្តឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ដើម្បីទប់ស្កាត់ការប្រើប្រាស់មោងល្អិត និងស្បៃបិតមុខទឹក ដែលបំផ្លាញពូជត្រីយ៉ាងធ្ងន់ធ្ងរ ព្រមទាំងដើម្បីពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពប្រកបដោយការទទួលខុសត្រូវ។

ទន្ទឹមគ្នានេះ រដ្ឋបាលក្រុងសិរីសោភ័ណបានអំពាវនាវដល់ជនខិលខូចទាំងអស់ឱ្យបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ជាបន្ទាន់ និងស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ងាកមកចូលរួមសហការថែរក្សាអភិរក្សធនធានធម្មជាតិ ដើម្បីធានានិរន្តរភាពមច្ឆជាតិជាប្រយោជន៍សាធារណៈសម្រាប់កូនចៅជំនាន់ក្រោយ៕






អត្ថបទ: ប៊ុន សំណាង / Dap News
