Feature

យុវជន ស.ស.យ.ក ស្រុកព្រះនេត្រព្រះ ប្ដេជ្ញាគោរពច្បាប់ ដើម្បីការពារខ្លួនពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍

បន្ទាយមានជ័យ ៖ បញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍កំពុងបន្តក្លាយជាក្ដីកង្វល់យ៉ាងខ្លាំង សម្រាប់អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានពិសេសស្រទាប់យុវជន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ពុំ ផ្ដា ប្រធាន ស.ស.យ.ក ស្រុកព្រះនេត្រព្រះ បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញ រៀបចំវេទិកាអប់រំទប់ស្កាត់ ក្រោមអធិបតីភាពលោក យឹម សំណាង សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្ត នៅវិទ្យាល័យជប់វារី ដើម្បីដាស់តឿនស្មារតីសិស្សានុសិស្ស ឱ្យឃ្លាតឆ្ងាយពីគ្រោះថ្នាក់ទាំងពីរនេះ ។

ក្នុងឱកាសនោះ ភាគីពាក់ព័ន្ធបានចោទជាកង្វល់រួមលើផលវិបាក ដ៏ធ្ងន់ធ្ងរនៃគ្រឿងញៀន និងអត្រាគ្រោះថ្នាក់ចរាចរណ៍ ដោយបានអំពាវនាវ ឱ្យប្រជាពលរដ្ឋបង្កើនកិច្ចសហការជិតស្និទ្ធ ជាមួយសមត្ថកិច្ច តាមរយៈការផ្ដល់ព័ត៌មានសម្ងាត់ ដើម្បីទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលា ព្រមទាំងត្រូវយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្ដីសុខសាន្ដក្នុងសហគមន៍។

ជាការកត់សម្គាល់ យុវជន និងសិស្សានុសិស្សត្រូវបានរំលឹក ឱ្យឃ្លាតឱ្យឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួនជានិច្ចពេលធ្វើដំណើរ លើដងផ្លូវ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក៏បានជំរុញឱ្យយុវជនគ្រប់រូបត្រូវប្រែក្លាយខ្លួនជា “ភ្នាក់ងារអប់រំផ្ទាល់” ដល់មិត្តភក្តិ និងអ្នកជុំវិញខ្លួនផងដែរ។ ចំណែកឯ អាណាព្យាបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តពង្រឹងការតាមដាន ថែទាំ និងផ្ដល់ការគាំទ្រដល់កូនចៅ ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមដ៏រឹងមាំមួយនៅទូទាំងស្រុកព្រះនេត្រព្រះទាំងមូល៕

អត្ថបទ: ប៊ុន សំណាង/Dap News

To Top