បុរសជនជាតិចិនម្នាក់ ស្រែកនៅទីសាធារណៈនោះ ដោយសាររូបគេ ចង់ត្រឡប់ទៅប្រទេសកំណើតវិញ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ ស្រែកឡូឡា នៅទីសាធារណៈបែបនេះ ដោយសាររូបគេ ចង់ត្រឡប់ទៅប្រទេសកំណើតវិញ ហើយមិនមានអ្នកណាម្នាក់ គំរាមកំហែងខ្លួននោះទេ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ កញ្ញា មានបុរសជនជាតិចិនម្នាក់ បានស្រែកឡូឡា នៅក្បែររង្វង់មូលសម្តេចសង្ឃរាជ ជួនណាត បង្កឲ្យមានភាពភ្ញាក់ផ្អើល។

បន្ទាប់ពីមានការភ្ញាក់ផ្អើល និងកកស្ទះនៅទីតាំងខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ និងបានបញ្ជូនបរុសជនជាតិចិនខាងលើនេះ មកកាន់កន្លែងរក្សាទុកបណ្តោះអាសន្ន Cargo នៅថ្ងៃដដែលនេះ។
ក្រោយទទួលបានបុរសជនជាតិចិនខាងលើរួចមក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីនគរបាលអន្តោប្រវេសន៍ជំនាញ បានធ្វើការសាកសួរបុរសជនជាតិចិនខាងលើ បានឱ្យដឹងថា មូលហេតុដែលគាត់បានស្រែកឡូឡានៅទីសាធារណៈបែបនេះ ដោយសាររូបគេចង់ត្រឡប់ទៅប្រទេសកំណើតវិញ ហើយមិនមានអ្នកណាម្នាក់គំរាមកំហែងខ្លួននោះទេ គ្រាន់តែរូបគេខ្លួនឯងមានអារម្មណ៍ភ័យខ្លាច និងគិតថាមានគេតាមខ្លួន ជាក់ស្តែងមិនមាននោះទេ។
សូមបញ្ជាក់ថា ក្រោយពីសាកសួររួច មន្ត្រីប្រចាំការបានធ្វើការតេស្តទឹកនោម លើបុរសជនជាតិចិននោះ លទ្ធផល វិជ្ជមាន (ប្រភេទមេតំហ្វេតាមីន) ហើយបច្ចុប្បន្នបុរសជនជាតិចិនខាងលើ ត្រូវបានរក្សាទុក ដើម្បីត្រៀមបណ្ដេញ ចេញពីព្រះរាជាណាចក្រកម្ពុជា៕

