ថ្នាក់ដឹកនាំកាក បាទក្រហមកម្ពុជាចាត់ទុក សន្តិភាព និងសង្គ្រោះបឋម គឺជាការវិនិយោគ អាយុជីវិតសម្រាប់សហគមន៍
បន្ទាយមានជ័យ៖ សន្តិភាព និងជំនាញសង្គ្រោះបឋម គឺជាអាវុធដ៏មានអានុភាពបំផុត ក្នុងការបំបាត់គ្រោះភ័យ និងការពារជីវិតមនុស្ស ដែលការពិតនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុង «ទិវាសន្តិភាពអន្តរជាតិ និងទិវាពិភពលោក សង្គ្រោះបឋម ២០២៦» ក្រោមប្រធានបទ «វិនិយោគលើសន្តិភាព និងសង្គ្រោះបឋម សម្រាប់គ្រប់ៗគ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា» ក្រោមអធិបតីភាពឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាក បាទក្រហមកម្ពុជាខេត្ត នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិរង់ចាំ៤ ឃុំស្លក្រាម ស្រុកស្វាយចេក។

វត្តមានដ៏កុះកររបស់ប្រជាពលរដ្ឋ យុវជន និងមន្ត្រីកាកបាទក្រហមនៅស្រុកស្វាយចេក គឺជាការបញ្ជាក់ឲ្យឃើញថា សហគមន៍មូលដ្ឋានបានយល់ច្បាស់ពីតម្លៃនៃការត្រៀមខ្លួនរួចជាស្រេច ព្រោះថាគ្រោះថ្នាក់អាចកើតមានឡើងគ្រប់ពេល ហើយជំនាញសង្គ្រោះទាន់ពេលវេលាគឺជារបាំងចុងក្រោយដែលមិនអាចខ្វះបាន។

ព្រោះថាអនាគត ដ៏សុខដុមរមនាមិនកើតឡើងដោយចៃដន្យឡើយ ការវិនិយោគលើសន្តិភាព និងជំនាញសង្គ្រោះ បឋមនាថ្ងៃនេះ គឺ ជាស្ពានចម្លងដ៏ស័ក្តិសិទ្ធិបំផុត ដើម្បីប្រែក្លាយសហគមន៍ យើងឱ្យទៅជាដែនដីដ៏សុខសាន្ត ប្រកបដោយភាពធន់ និងការការពារយ៉ាងរឹងមាំក្នុងគ្រប់កាលៈទេសៈ៕













អត្ថបទ: ប៊ុន សំណាង/Dap News
