សមត្ថកិច្ចបង្ក្រាបទីតាំង Scam Online មួយកន្លែង នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមនុស្ស ៣នាក់ និងដកហូតវត្ថុតាងមួយចំនួន
បន្ទាយមានជ័យ ៖ អនុវត្តវិធានការយ៉ាងក្តៅគគុក របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏មុតស្រួចរបស់ សម្តេចមហាធិបតី ហ៊ុន ម៉ាណែត ក្នុងការបោសសម្អាតបទល្មើសបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត និងរដ្ឋបាលក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសមត្ថកិច្ចជំនាញ និងអង្គភាពពាក់ព័ន្ធ ចុះបង្ក្រាបទីតាំង Scam Online មួយកន្លែង ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្ត។

យោងការស៊ើបអង្កេត និងការចុះត្រួតពិនិត្យផ្ទាល់នៅគោលដៅផ្ទះជួល ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ សមត្ថកិច្ចចម្រុះបានចាត់វិធានការបង្រ្កាបដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន ០៣នាក់ (ស្រី ២នាក់) ព្រមទាំងចាប់យកវត្ថុតាងបម្រើឱ្យសកម្មភាពល្មើស រួមមានកុំព្យូទ័រ All in one ចំនួន ០៣គ្រឿង និងទូរស័ព្ទដៃចំនួន ០៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ ត្រូវបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដើម្បីចាត់ការតាមច្បាប់យ៉ាងតឹងរ៉ឹង ខណៈវត្ថុតាងត្រូវបញ្ជូនទៅធ្វើកោសល្យវិច័យ។ ដោយឡែក ការចុះពិនិត្យរដ្ឋបាលលើទីតាំងសង្ស័យពីរផ្សេងទៀត គឺពុំមានរកឃើញបទល្មើសអ្វីគួរឱ្យកត់សម្គាល់នោះឡើយ៕






អត្ថបទ: ប៊ុន សំណាង/Dap News
