បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់យោធពលខេមរភូមិន្ទ!
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការអញ្ជើញ ចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះឲ្យទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករង ព្រមទាំងមេបញ្ជាការតាមបណ្ដាកងឯកភាពមួយចំនួន នាយការិយាល័យ ផ្នែក និងនាយស្ថាប័នមួយចំនួន បានអញ្ជើញចូលរួមផងដែរ!

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍វិវត្តន៍ថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ និងការវិវត្តន៍ប្រែប្រួល នៃសភាពការណ៍អន្តរជាតិ និងសភាពការណ៍ក្នុងតំបន់មួយចំនួនផងដែរ ។ ព្រមជាមួយនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានបញ្ជាក់ជូនអំពីសភាពការណ៍ថ្មីៗ នៃការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ដែលកំពុងមានការរីកចម្រើនថ្មីៗបន្ថែមទៀត និងការធ្វើកំណែទម្រង់សុីជម្រៅរបស់កងយោធពលខេមរភូមិន្ទ ក្ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមស្របតាមសភាពការណ៍ថ្មីៗនៃបរិបទប្រែប្រួលរបស់ពិភពលោក ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនគ្រប់រូប ត្រូវត្រៀមខ្លួនរួចជាស្រេច ក្នុងភារកិច្ចការពារបូរណភាពទឹកដី តាមបទបញ្ជា របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ។ ជាមួយនេះដែរ ត្រូវចូលរួមអនុវត្តន៍ តាមផែនការកំណែទម្រង់ស៊ីជម្រៅ របស់កងយោធពលខេមរភូមិន្ទ , ការចូលរួមផ្សព្វផ្សាយ និងអនុវត្តច្បាប់កាតព្វកិច្ចយោធា, ការហ្វឹកហ្វឺនពង្រឹងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងប្រៀបការពារជាតិរបស់យើងឲ្យកាន់តែរឹងមាំថែមទៀត។ ជាមួយនេះដែរ យោធិនគ្រប់រូប ត្រូវគោរពឱ្យបានតាមច្បាប់ស្ដីពីលក្ខន្តិកៈ និងបទវិន័យទូទៅ របស់កងយោធពលខេមរភូមិន្ទ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ក្នុងការចូលរួមជាមួយសង្គម ដោយត្រូវប្ដេជ្ញាចិត្តក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ឲ្យបានជាដាច់ខាត។ ក្នុងនោះ យកចិត្តទុកដាក់ការងារបង្ក្រាបទល្មើសនេសាទខុសច្បាប់ ដែលកំពុងស្ថិត នៅក្នុងរដូវបិទនេសាទនេះ ធ្វើឲ្យផលត្រីបានសម្បូរឡើងវិញ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស ហើយជាមួយនេះ ត្រូវយកចិត្តទុកដាក់ការពារឲ្យបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិបានទៀតឡើយ ។ ចំពោះផ្ទៃដី ដែលបានដករហូតជាសម្បត្តិរដ្ឋក្នុងរយៈពេលប្រតិបត្តិការកន្លងទៅ ត្រូវការពារឲ្យបានមិនឱ្យមានការបាត់បង់ទៅវិញ ដើម្បីដាំស្ដារព្រៃឈើ និងទុកឲ្យព្រៃឈើធម្មជាតិ ដុះលូតលាស់ឡើងវិញ សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ៕ ដោយសំនៀង





