ព័ត៌មានជាតិ

កងរាជអាវុធហត្ថបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ៣នាក់ទៅតុលាការ ពីបទរារាំងសមត្ថកិច្ចអនុវត្តច្បាប់ និងជួយមេខ្យល់រត់គេចខ្លួន

បន្ទាយមានជ័យ ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានសម្រេចបញ្ជូនជនសង្ស័យចំនួន ៣នាក់ ទៅកាន់សាលាដំបូង ខេត្ត កាលពីរសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយបញ្ចប់ការសួរនាំលើសំណុំ រឿងពាក់ព័ន្ធបទល្មើសជាក់ស្តែង និងអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ។

ហេតុការណ៍នេះបានផ្តើមចេញពីការចុះទប់ស្កាត់ និងឃាត់ខ្លួនពលករចំនួន ៣នាក់ ដែលបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ កាលពីថ្ងៃទី១៩ ខែកញ្ញា នៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងសង្កាត់និមិត្ត។ ភាពតានតឹងបានផ្ទុះឡើងនៅថ្ងៃបន្ទាប់ ពេលសមត្ថកិច្ចបន្តចុះឃាត់ខ្លួនមេខ្យល់ ប៉ុន្តែត្រូវក្រុមគ្រួសារប្រើហិង្សារារាំង និងប្រទូស្តសាយយ៉ាងចាស់ដៃ រហូតបើកឱកាសឱ្យមេខ្យល់ឈ្មោះ ស៊ីម វាសនា ហែលទឹកអូរគេចខ្លួនឆ្លងដែនទៅទឹកដីថៃបានសម្រេច។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឲ្យដឹងថា ឆ្លងកាត់កិច្ចប្រតិបត្តិការស្រាវជ្រាវ និងការធ្វើតេស្តទឹកនោម សមត្ថកិច្ចបានសម្រេចដោះលែងសាច់ញាតិម្នាក់ឱ្យមានសេរីភាពវិញ ក្រោយរកឃើញថាពុំមានការពាក់ព័ន្ធ ខណៈជនសង្ស័យ ៣នាក់ផ្សេងទៀត រួមមាន ស៊ីម ដា, ឌី វណ្ណរ៉ូ និង ស៊ីម រស្មី ដែលមានវិជ្ជមានសារធាតុញៀនក្នុងខ្លួន ត្រូវកសាងសំណុំរឿងបញ្ជូនខ្លួនជាផ្លូវការ ពាក់ព័ន្ធបទល្មើសប្រឆាំងអ្នករាជការសាធារណៈ ផ្សំគំនិតនាំមនុស្សឆ្លងដែនខុសច្បាប់ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់៕

អត្ថបទ: ប៊ុន សំណាង/Dap News

To Top