ឧ.ប ហ៊ុន ម៉ានី៖ ទោះស្ថានភាពអន្តរជាតិ មានការប្រែប្រួលយ៉ាងណាក្តី ចំណងមិត្តភាពដ៏រឹងមាំរវាង កម្ពុជា-ចិន មិនប្រែប្រួលឡើយ
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមុខងារសាធារណៈ បានលើកឡើងថា ទោះស្ថានភាពអន្តរជាតិ មានការប្រែប្រួលយ៉ាងណាក្តី ចំណងមិត្តភាពដ៏រឹងមាំរវាង កម្ពុជា-ចិន មិនប្រែប្រួលឡើយ ។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានសម្ដែងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។
លោកឧបនាយករដ្ឋមន្រ្តី បន្តថាចំណងមិត្តភាព ជាប្រវត្តិសាស្ត្រ កម្ពុជា-ចិន ត្រូវបានថែរក្សាពូនជ្រំ ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ រហូតអ្នកដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរ។
លោកបន្ថែមថា ទំនាក់ទំនងនេះ បន្តរីកចម្រើន គ្រប់កម្រិត គ្រប់វិស័យ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, ជាមិត្តដែកថែប និងបានឯកភាពគ្នា ការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ជាមួយកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលផ្តល់ផលជាផ្លែផ្កាជាក់ស្តែង សម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ។
លោកឧបនាយករដ្ឋមន្រ្តី បានជូនពរប្រជាជនចិន និងប្រទេសចិន ទទួលបាន នូវជោគជ័យ និងវិបុលភាពបន្ថែមទៀត និងជឿជាក់ថា ប្រទេសចិន នឹងសម្រេចបានគោលដៅសហស្សវត្សរ៍ទី២ ដោយប្រែក្លាយជាប្រទេសសង្គមនិយមទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា នៅឆ្នាំ២០៤៩។
លោកសង្កត់ធ្ងន់ថា «ទោះស្ថានភាពអន្តរជាតិ មានការប្រែប្រួលយ៉ាងណាក្តី ចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសយើងទាំងពីរមិនប្រែប្រួលឡើយ »។
