រដ្ឋបាលក្រុងពោធិ៍សាត់បានរៀបចំ «កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុងពោធិ៍សាត់» ដើម្បីពិភាក្សា និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងដែនសមត្ថកិច្ចក្រុង សហការជាមួយសាលាអនុគណក្រុង ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ខេត្តពោធិ៍សាត់៖ នៅថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់សហការជាមួយសាលាអនុគណក្រុង បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងពោធិ៍សាត់ ស្តីពី «ការរៀបចំវត្តអារាមក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ» ដើម្បីត្រៀមលក្ខណៈសម្បត្តិ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព និងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាន៖
-ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តពោធិ៍សាត់
-ព្រះបញ្ញាសីលរង្សី សៅរ៍ សុជាតិ ព្រះបាឡាត់គណខេត្តពោធិ៍សាត់
-ព្រះគ្រូទីឃាយុសិរីធម្ម ជិន សុភក្ដិ ព្រះអនុគណក្រុងពោធិ៍សាត់
-លោក អាន សំសុភិន ប្រធានមន្ទីរធម្មការ និងសាសនាស្ដីទី ខេត្តពោធិ៍សាត់

អង្គប្រជុំបានផ្តោតការ យកចិត្តទុកដាក់យ៉ាងខ្លាំង លើការពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលព្រះចៅអធិការ ព្រះសង្ឃ និងគណៈកម្មការ អាចារ្យវត្ត តាមបណ្តាវត្តអារាមនានា ក្នុងក្រុងពោធិ៍សាត់ តែងតែជួបប្រទះក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ ។ ការរៀបចំនេះ គឺដើម្បីធានាឱ្យការរៀបចំពិធីបុណ្យប្រពៃណីជាតិមួយនេះ ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ល្អ សន្តិសុខ និងសុវត្ថិភាពខ្ពស់ ជូនដល់ពុទ្ធបរិស័ទជិតឆ្ងាយ ដែលមកធ្វើបុណ្យទាន ៕
ប្រភព÷រដ្ឋបាលក្រុងពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន/ដើមអម្ពិល




