Feature

ក្រោយទទួលបណ្ដឹង ក្រសួងការងារចុះអធិការកិច្ចភ្លាមៗ និងដាក់កំហិតឱ្យអ្នកគ្រប់គ្រងប្រើពាក្យសម្ដីសមរម្យចំពោះកម្មករ

ភ្នំពេញ៖ ក្រោយទទួលបានបណ្ដឹង តាមបណ្ដាញសង្គមពាក់ព័ន្ធនឹងការប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យ ចំពោះកម្មករនិយោជិត ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់ក្រុមអធិការកិច្ចការងារ ពិសេសចុះពិនិត្យ នៅរោងចក្រ ស៊ិន កៃ លី ហ្គាម៉ិន ឯ.ក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

ឆ្លើយប្រាប់អ្នកសារព័ត៌មាន លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី២២ ខែកញ្ញា នេះថា លទ្ធផលអធិការកិច្ចបានរកឃើញថា ពិតជាមានការប្រើពាក្យសម្ដី និងកាយវិការមិន សមរម្យពីសំណាក់ប្រធានផ្នែក និងប្រធានក្រុមនៅក្នុងផលិតកម្ម ហើយ ក្រុមអធិការកិច្ច បានដាក់កំហិតឱ្យនិយោជកណែនាំ អ្នកពាក់ព័ន្ធឱ្យកែតម្រូវអាកប្បកិរិយា និងប្រើពាក្យសម្ដីឱ្យបាន សមរម្យចំពោះកម្មករនិយោជិត។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «នៅពេលទទួលបានបណ្ដឹង ក្រសួងបានចុះពិនិត្យ និងចាត់វិធានការភ្លាមៗ។ មិនថាជាជនជាតិខ្មែរ ឬជនបរទេស និងមានតួនាទីកម្រិតណាក៏ដោយ អ្នកគ្រប់គ្រងត្រូវគោរពច្បាប់ ប្រើពាក្យសម្ដីឱ្យបានសមរម្យ និងគោរពសេចក្ដីថ្លៃថ្នូររបស់កម្មករនិយោជិត»។

ក្រសួងសូមអំពាវនាវដល់កម្មករនិយោជិត និងសាធារណជន ប្រសិនបើបានឃើញ ឬជួបប្រទះការប្រើពាក្យសម្ដី កាយវិការ ឬអាកប្បកិរិយាមិនសមរម្យនៅកន្លែងធ្វើការ សូមផ្តល់ព័ត៌មានមកក្រសួងតាមរយៈលេខ Hotline ១២៨៦ ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យ និងចាត់វិធានការបានទាន់ពេលវេលា៕

To Top