លោក ខូយ រីដា បើកកិច្ចប្រជុំ ការត្រៀមលក្ខណៈ សម្រាប់ពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

កិច្ចប្រជុំនេះ បានរៀបចំឡើង នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង នៃសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងការត្រៀម លក្ខណៈសម្រាប់ពិធី ដ៏មានសារៈសំខាន់នេះ ។

ក្នុងកិច្ចប្រជុំ លោក ខូយ រីដា បានណែនាំឱ្យមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើការងារ ដែលបានប្រគល់ជូន ព្រមទាំងពង្រឹង កិច្ចសហការឱ្យបានជិតស្និទ្ធ ដើម្បីធានាថាការរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០ ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ សុវត្ថិភាព និងស័ក្តិសមតាមពិធីការ។

កិច្ចប្រជុំនេះ ក៏ជាឱកាសសម្រាប់ពិនិត្យឡើងវិញ នូវលទ្ធផលការងារ ដែលបានអនុវត្តរួច និងកំណត់ភារកិច្ចបន្ត សំដៅធានា ឱ្យការត្រៀមរៀបចំពិធីសម្ពោធផ្លូវជាតិលេខ១០ សម្រេចបានតាមផែនការ ដែលបានគ្រោងទុក។


ប្រភពរូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
អត្ថបទនេះ÷ ខេម៉ា / ដើមអម្ពិល
