កម្ពុជា តវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀត ចំពោះភាគីថៃ បានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងស្រុកអន្លង់វែង
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាង ខ្លាំងបន្ថែមទៀត ចំពោះការបន្តរំលោភបំពានជា បន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន ខណៈកងកម្លាំង ប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុង ស្រុកអន្លង់វែង។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នៅថ្ងទី២២ ខែកញ្ញា ឆ្នាំ២០២៦ ថា «នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានធ្វើសកម្មភាពឈូសឆាយដី កងកម្លាំងប្រដាប់អាវុធថៃ អម ដោយព្រះសង្ឃថៃ បានដំឡើងរូបចម្លាក់ ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅចន្លោះបង្គោល ព្រំដែនលេខ២ និងលេខ៣។ នេះគឺជាករណីមួយទៀតនៃការដែលប្រទេសថៃបន្តប្រើប្រាស់ សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់»។
រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខាងលើ ដែលជាការបំពានយ៉ាងច្បាស់លើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
សកម្មភាពនេះក៏រំលោភផងដែរលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋា- ភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមា ព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និង ចំណុចទី១ (វិធានការកាត់ បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕
