ទូតចិន ៖ កម្ពុជា មានសក្តានុពល អភិវឌ្ឍន៍ដ៏ធំធេង និងទូលំទូលាយ
ភ្នំពេញ ៖ លោក វ៉ាង វិនពីន (Wang Wen Bin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា មានសក្តានុពលអភិវឌ្ឍន៍ដ៏ធំធេង និងទូលំទូលាយ ហើយចិនរីករាយ ក្នុងការសហការជាមួយកម្ពុជា ដើម្បីអនុវត្តកុងសុងស៊ីស យុទ្ធសាស្ត្រ។

តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២១ កញ្ញា លោក វ៉ាង វិនពីន បានគូសបញ្ជាក់ថា «កម្ពុជាមានសក្តានុពលអភិវឌ្ឍន៍ដ៏ធំធេង និងទូលំទូលាយ។ យើងរីករាយ ក្នុងការសហការជាមួយកម្ពុជា ដើម្បីអនុវត្តកុងសុងស៊ីសយុទ្ធសាស្ត្រ ដែលសម្រេចបានដោយថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ»។

លើសពីនេះ បន្តពង្រឹងខ្លឹមសារ នៃក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ “វិស័យអាទិភាពចំនួន៦” ជំរុញការអភិវឌ្ឍ” ច្រករបៀងត្រី-អង្ករ” និង “ច្រករបៀងឧស្សាហកម្ម” ឱ្យមានវឌ្ឍនភាពជាលំដាប់ នឹងកសាងទំនាក់ទំនងចិន-កម្ពុជា ឱ្យក្លាយជាគំរូនៃសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ និងរួមគ្នាសម្រេចបាននូវការស្តារឡើងវិញដ៏មហិមានៃប្រជាជាតិចិននិងប្រជាជាតិកម្ពុជា៕

