នគរបាលបន្ទាយមានជ័យ ប្រជុំបូកសរុបលទ្ធផលខែកញ្ញា ដាក់ចេញផែនការ ពង្រឹងសន្តិសុខ បង្ក្រាបក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទ
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រគល់ភារកិច្ចឱ្យលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅ ការងារសម្រាប់អនុវត្ត ដល់លោក លោកស្រី ស្នងការរង នាយការិយាល័យជំនាញ អធិការក្រុង-ស្រុក និងនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទូទាំងខេត្ត។

កិច្ចប្រជុំនោះបានបង្ហាញពីស្នាដៃ ដ៏គួរឱ្យកត់សម្គាល់ តាមរយៈកម្លាំងនគរបាលការពារសន្តិសុខនិងព្រំដែនយ៉ាងរឹងមាំ រហូតធ្វើឱ្យបទល្មើស ព្រហ្មទណ្ឌធ្លាក់ចុះដល់ ៧៥ភាគរយ និងបទល្មើសរំលោភសេពសន្ថវៈថយចុះ ១០០ភាគរយ ខណៈការបង្ក្រាបគ្រឿងញៀន និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពអនុវត្តបានយ៉ាងល្អ ទោះបីគ្រោះថ្នាក់ចរាចរណ៍កើនឡើង ៨លើកក្តី។

ទិសដៅការងារខែថ្មី លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយតម្រូវឱ្យកងកម្លាំងទាំងអស់ពង្រឹងការក្តាប់សភាពការណ៍ ទប់ស្កាត់ព័ត៌មានបំពុល សង្គម បោសសម្អាតក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ រួមទាំងរឹតបន្តឹងការគ្រប់គ្រងអាវុធជាតិផ្ទុះ និងពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនិងធានាបាន”ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព”ពិតប្រាកដ៕





អត្ថបទ: ប៊ុន សំណាង/Dap News
