Feature

កម្ពុជា បន្ដពង្រឹងកិច្ចប្រតិបត្តិការ ជាមួយភាគីឡាវ លើការប្រើប្រាស់ បច្ចេកវិទ្យាថ្មីៗ លើវិស័យវប្បធម៌

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានបេ្តជ្ញាចិត្តបន្តពង្រឹង កិច្ចសហប្រតិបត្តិការជាមួយភាគីឡាវ លើការផ្លាស់ប្តូរសិល្បៈ និងវប្បធម៌ ព្រមទាំង ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ លើវិស័យវប្បធម៌។

នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា ក្នុងទិវាវប្បធម៌ឡាវ នៅកម្ពុជាឆ្នាំ២០២៦ ដើម្បីអបអរសាទរខួប លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ ចំពោះសិល្បករឡាវ ដឹកនាំដោយ លោក Khamphou Phiasackkha អគ្គនាយកផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមកចូលរួមសម្តែងសិល្បៈនេះ។

លោកស្រី រដ្ឋមន្ត្រី បានបន្ថែមទៀតថា កម្ពុជា និងឡាវ បានភ្ជាប់ទំនាក់ទំនងចំណងមិត្តភាព ជាមួយគ្នាជាប្រវត្តិសាស្ត្រនិង យ៉ាងជិតស្និទ្ធជាយូរអង្វែងមកហើយ ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីដ៏ពិសេស និងភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយទំនុកចិត្តខ្ពស់បំផុត។

លោកស្រី រដ្ឋមន្ត្រី បន្ដថា ការសម្តែងសិល្បៈ នាពេលនេះ ជាវេទិកាដែលបង្ហាញពីការផ្លាស់ប្តូរវប្បធម៌ រវាងគ្នាទៅវិញទៅមកដែលនេះជាសក្ខីភាពនៃការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌យ៉ាងជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបេ្តជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ច​ សហប្រតិបត្តិការជាមួយនឹងភាគីឡាវ លើការផ្លាស់ប្តូរសិល្បៈ និងវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗលើវិស័យវប្បធម៌៕

To Top