ADB បន្ទាបការព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជាពី ៤.១% មកនៅត្រឹម ៣.៩% សម្រាប់ឆ្នាំ២០២៦
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករកំណើន សេដ្ឋកិច្ចកម្ពុជាមកត្រឹម ៣.៩% សម្រាប់ឆ្នាំ២០២៦ ពី ៤.១% ដែលបានព្យាករកាលពីខែកក្កដា ដែលនេះឆ្លុះបញ្ចាំងពីសកម្មភាពខ្សោយ ជាងការរំពឹងទុកក្នុងវិស័យទេសចរណ៍ និងសេវាកម្មពាក់ព័ន្ធនានា។
កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងកើនឡើងដល់ ៤.៧% ក្នុងឆ្នាំ២០២៧ ជំរុញដោយភាពធន់នៃវិស័យកម្មន្តសាល ការធ្វើពិពិធកម្មការនាំចេញ និង ការវិនិយោគផ្ទាល់ ពីបរទេសជាបន្តបន្ទាប់។
លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB មានប្រសាសន៍ថា «សេដ្ឋកិច្ចកម្ពុជាបន្តបង្ហាញ ភាពធន់។ កំណើនដ៏រឹងមាំនៃការនាំចេញផលិតផលកម្មន្តសាល និងការបន្តមានលំហូរចូលទុនវិនិយោគពីបរទេស កំពុងជួយប៉ះប៉ូវបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍»។
យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ខែកញ្ញា ឆ្នាំ២០២៦ ដែលចេញផ្សាយថ្ងៃនេះ ដោយ ADB បានបង្ហាញថា ការព្យាករអតិផរណាត្រូវបានដំឡើង ដែលនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃថ្លៃប្រេងពិភពលោក និងការកើនឡើងថ្លៃដើមនៃការនាំចូល។ អតិផរណាបានកើនឡើងពីអត្រា ២.៦% ឆ្នាំលើឆ្នាំ ក្នុងខែកុម្ភៈ ទៅដល់ ៧.២% ក្នុងខែឧសភា មុនពេលថមថយមកត្រឹម ៥.៥% ក្នុងខែកក្កដា។
ជារួម ADB ព្យាករថាអតិផរណាជាមធ្យមនឹងស្ថិតនៅកម្រិតប្រមាណ ៤.៧% សម្រាប់ឆ្នាំ២០២៦ និង ២.៨% ក្នុងឆ្នាំ២០២៧ ដោយសារវិធានការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈ និងតម្លៃប្រាក់រៀលដែលជាទូទៅមានស្ថិរភាព ជួយបន្ធូរបន្ថយសម្ពាធថ្លៃទំនិញ។
គោលនយោបាយសារពើពន្ធ ត្រូវបានរំពឹងថា នឹងបន្តគាំទ្រកំណើនសេដ្ឋកិច្ច ដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ មូលធនមនុស្ស និង កម្មវិធីគាំពារសង្គម ដែលជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ។ ឱនភាពគណនីចរន្តត្រូវបានរំពឹងថានឹងកើនឡើងក្នុងឆ្នាំ ២០២៦ ដោយសារថ្លៃនាំចូលខ្ពស់ជាងមុន និង ចំណូលទេសចរណ៍ខ្សោយជាងមុន។ ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគផ្ទាល់ពីបរទេសដ៏រឹងមាំ ត្រូវបានរំពឹងថានឹងបន្តគាំទ្រដល់ទុនបម្រុងអន្តរជាតិរបស់កម្ពុជា។
វិស័យឧស្សាហកម្មនៅតែជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ការនាំចេញផលិតផលកម្មន្តសាល ក្រៅពីសម្លៀកបំពាក់ បានកើនឡើង ៣៨.៤% ឆ្នាំលើឆ្នាំ ក្នុងឆមាសទីមួយ នៃឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការធ្វើពិពិធកម្មលើផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ជាងមុនរួមមានគ្រឿង បង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត សំបកកង់ឡាន និងសម្ភារនិងសង្ហារឹមធ្វើពីឈើ។ ការនាំចេញ សម្លៀកបំពាក់បានកើនឡើង ៦.៣% ដល់ ៨.០ ពាន់លានដុល្លារ ខណៈដែលវិស័យសំណង់ និងអចលនទ្រព្យនៅបន្តភាពទន់ខ្សោយ៕


