Feature

ក្រុមហ៊ុនផលិតគ្រឿងចក្រកូរ៉េ ចង់ចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងវិស័យកសិកម្ម

ភ្នំពេញ ៖ ក្រុមហ៊ុន Hansung TNI ​ដែលជាក្រុមហ៊ុនផលិតគ្រឿងចក្រកសិកម្ម​ឈានមុខគេរបស់សាធារណរដ្ឋកូរ៉េ​បង្ហាញបំណងចង់ចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម​ក្នុងប្រទេសកម្ពុជា ។

ក្នុងឱកាសលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានទទួល​ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល លោក Hwang Kyungjoo ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hansung TNI បានលើកឡើងថា ក្រុមហ៊ុនត្រូវបានបង្កើតឡើង​ក្នុងឆ្នាំ១៩៨១ ដែលជាក្រុមហ៊ុនផលិតគ្រឿងចក្រ​​ កសិកម្មឈានមុខគេរបស់កូរ៉េ ក្រុមហ៊ុនមានផលិត និងផ្គត់ផ្គង់គ្រឿងចក្រកសិកម្មតាំងពីដំណាក់កាលដាំដុះ រហូតដល់ប្រមូលផល ។

លោកបន្តថា Hansung TNI ជាក្រុមហ៊ុនទី១ របស់កូរ៉េ ដែលបានបង្កើតម៉ាស៊ីនបាញ់ថ្នាំប្រភេទប្រើខ្យល់ ដែលបាញ់បានក្នុងល្បឿនលឿន និងបានចម្ងាយឆ្ងាយរហូតដល់ ១៥០ម៉ែត្រ។

លោក Hwang បានប្រាប់ទៅឯកឧត្តមឯកអគ្គរាជទូតកម្ពុជាថា លោកបានដឹងថា ប្រទេសកម្ពុជាជាប្រទេសកសិកម្មនោះ គឺលោកមានបំណងចង់ចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមពីតំបន់ដែលមានសក្តានុពលកសិកម្មរបស់កម្ពុជា។

ជាកិច្ចឆ្លើយតប ឯកអគ្គរាជទូតគាំទ្រចំពោះបំណងសហប្រតិបត្តិ និងអភិវឌ្ឍន៍គម្រោងតំបន់កសិកម្មគំរូក្នុងប្រទេសកម្ពុជា។ លោក ឃួន ផុនរតនៈ បានលើកឡើងថា វិស័យកសិកម្មជាវិស័យចម្បង ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា។

លោកទូតក៏បានជូនយោបល់ ទៅភាគីក្រុមហ៊ុនពិចារណាជ្រើសរើសឃុំ ឬស្រុកណាមួយក្នុងខេត្តបាត់ដំបង ដែលជាខេត្តកសិកម្មដ៏ មានសក្តានុពលរបស់កម្ពុជា ។ ជាមួយគ្នានេះ លោកឃួន ផុនរតនៈ ក៏បានស្នើភាគីក្រុមហ៊ុន អញ្ជើញធ្វើទស្សនកិច្ចទៅកម្ពុជា ដោយស្ថានទូត ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្របសម្រួលជា មួយក្រសួង-ស្ថាប័នពាក់ព័ន្ធ៕

To Top