ព័ត៌មានជាតិ

សម្តេចធិបតី៖ កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាផ្នែកមួយដ៏សំខាន់ នាំឱ្យសម្រេចបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង ការឆបោក​ តាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ​៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការសម្រេចឱ្យបាននូវជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ដើម្បីពង្រឹងកិច្ចការពារជាតិ ប្រឆាំងនឹងការគំរាមកំហែង ប្រព័ន្ធបច្ចេកវិទ្យានៅពេលអនាគត កម្ពុជា កំពុងពន្លឿន​ការរៀបចំច្បាប់ឯកទេស រួមមានច្បាប់ស្តីពីសន្តិសុខសាយប័រ​ ច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន និងក្របខណ្ឌ គ្រប់គ្រងទ្រព្យសកម្មនិម្មិត ដែលនឹងលេចចេញរូបរាង នាពេលខាងមុខ។

បន្ថែមលើនេះ សម្តេចធិបតី​ ហ៊ុន ម៉ាណែត មានបប្រសសាន៍ថា “កាលពីឆ្នាំមុន កម្ពុជាបានក្លាយជារដ្ឋហត្ថលេខី នៃអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាផងដែរ ។ កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការសម្រេចឱ្យបាននូវជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវអំណរគុណ​ ចំពោះដៃគូសំខាន់ៗ និងភ្នាក់ងារអនុវត្តច្បាប់ មកពីប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី បណ្ដារដ្ឋសមាជិកអាស៊ាន បណ្ដាប្រទេសដៃគូផ្សេងទៀត ព្រមទាំងអង្គការអន្តរជាតិនានា ដែលរួមមាន UNODC Interpol និង IOM ផងដែរ៕

To Top