Feature

សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវា២៤ម៉ោងក្នុង៧ថ្ងៃ សុទ្ធតែកើតចេញពីសេចក្តីស្រលាញ់

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា ការបម្រើសេវាសុខាភិបាល ទៅប្រជាពលរដ្ឋ២៤ម៉ោងក្នុង៧ថ្ងៃ គឺសុទ្ធតែកើតចេញពីសេចក្តីស្រលាញ់ ការបេ្តជ្ញាចិត្ត និងការខិតខំប្រឹងប្រែងឥតឈប់ឈរ របស់មន្ត្រីសុខាភិបាលគ្រប់កម្រិត។

ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣៣ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទ ក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ ចំនួន ២៩៩៥នាក់ សាស្ត្រាចារ្យ ឈាង រ៉ា បានរាយការណ៍ជូននូវលទ្ធផលជាក់ស្តែង នៃវឌ្ឍនភាពក្នុងការបម្រើសេវា២៤ម៉ោងក្នុង៧ថ្ងៃ នៅមណ្ឌលសុខភាព ដែលជាការផ្លាស់ប្តូរប្រកបទៅដោយក្តីសង្ឃឹម។

ទន្ទឹមនឹងនេះ សាស្ត្រាចារ្យ បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់កម្រិត យកចិត្តទុកដាក់ និងទទួលយកនូវការរិះគន់បែបស្ថាបនា ដើម្បីពិនិត្យ កែលម្អ និងដោះស្រាយដោយផ្តោតទៅលើលទ្ធផល។

ជាកិច្ចបន្ត សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនបទបឋកថា ស្តីពីសេចក្តីសន្និដ្ឋានលើ ភាពមិនប្រាកដប្រជា ដែលជាសមត្ថភាពរបស់អ្នកដឹកនាំ ក្នុងការប្រែក្លាយស្ថានភាពមិនប្រាកដប្រជាឱ្យក្លាយទៅជាភាពវិជ្ជមាន ជាយន្តការក្នុងការផ្លាស់ប្តូរ ប្រែក្លាយទៅជាភាពធន់ ដែលអាចបញ្ជាក់ថា “យើងធ្វើបាន” ទោះកិច្ចការនោះលើស ពីសមត្ថភាពយើងក៏ដោយ។

ក្នុងកម្មវិធីនេះ ក៏មានបទបង្ហាញអំពីសមិទ្ធផល របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងទិសដៅការងារដែលកើត ចេញពីការរួបរួមគ្នាជាធ្លុងមួយ នៃក្រុមការងារក្នុងការគិត ការអនុវត្ត និងការទទួលខុសត្រូវរួមគ្នា ក្រោមភាពជាអ្នកដឹកនាំល្អ រហូតប្រែក្លាយខ្លួនទៅជាមន្ទីរពេទ្យសាធារណៈគំរូ៕

To Top