កម្ពុជា រួមជាមួយពិភពលោកទាំងមូល មិនអនុញ្ញាតឱ្យមានការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្ពុជា រួមជាមួយពិភពលោកទាំងមូល មិនអនុញ្ញាតឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅលើផែនដីនេះតទៅទៀតនោះឡើយ ។
ថ្លែងក្នុងពិធីបើកវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសាកលលោក» ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកគោលគំនិតចំនួន ១០ចំណុច ជូនអង្គសន្និសីទអន្តរជាតិពិចារណា ក្នុងន័យលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃការប្រយុទ្ធប្រឆាំង-ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរៀបចំសន្និសីទអន្តរជាតិ ស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា» គឺជាសារប្រាប់ទៅក្រុមឧក្រិដ្ឋជនទាំងអស់ ឱ្យបានដឹងថា «កម្ពុជា រួមជាមួយពិភពលោកទាំងមូល មិនអនុញ្ញាតឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅលើផែនដីនេះតទៅទៀតនោះឡើយ» ។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គ្មានជម្រកសុវត្ថិភាព គ្មានច្រកចេញសម្រាប់លំហូរប្រាក់ខុសច្បាប់ និងគ្មានការលើកលែងសម្រាប់មេខ្លោង ឬបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនណាមួយទេ ។ ទោះក្នុងទម្រង់ណាក៏ដោយ ក៏ស្មារតី និងកម្លាំងសាមគ្គីភាពអន្តរជាតិ នឹងតាមបង្ក្រាបរហូតឈាន ទៅបញ្ចប់បទល្មើសនេះឱ្យទាល់តែបាន។
សូមរំលឹកថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ច បង្ក្រាបបោសសម្អាតសរុបចំនួន ៦៦៥ទីតាំង និងបានអនុវត្តវិធានការបង្ការតាមរយៈការចុះត្រួតពិនិត្យរដ្ឋបាលសរុបចំនួន២៨.៥១២ទីតាំង។ តាមរយៈវិធានការខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ២៦៨សំណុំរឿង មានជនសង្ស័យជិត ២.៧៧៣នាក់ ដែលក្នុងនោះកំពុងជាប់ឃុំ ចំនួន២.២០០នាក់ ព្រមទាំងបានបណ្តេញជនបរទេសពាក់ព័ន្ធនឹងបទល្មើសនេះចំនួន ២១.១០២នាក់ មាន៣៨សញ្ជាតិ៕
