រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់សប្បុរសជន ចូលរួមបរិច្ចាគអំណោយ ដល់កងទ័ពជួរមុខ ក្នុងឱកាសចុះសួរសុខទុក្ខ កងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ខេត្តព្រះវិហារ និងស្ទឹងត្រែង
ភ្នំពេញ៖ នៅចុងខែកញ្ញា ឆ្នាំ២០២៦ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ អង្គភាពកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានី ភ្នំពេញរួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ។
ដើម្បីឱ្យការចុះសួរសុខទុក្ខនេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងបង្ហាញពីមនោសញ្ចេតនាដ៏ ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់វីរយុទ្ធជន តាមបន្ទាត់ព្រំដែនជួរមុខនោះ សូមឱ្យសប្បុរសជនទាំងអស់ មេត្តាចូលរួមបរិច្ចាគ អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាពនិងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែក ឧបត្ថម្ភដល់វីរយុទ្ធជន និងកសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រយៈពេលវែង នៅតាមបន្ទាត់ព្រំដែនជួរមុខ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន និងការអភិវឌ្ឍ តាមបន្ទាត់ព្រំដែន។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន ក្នុងការប្រកាន់ខ្ជាប់នូវវប្បធម៌ នៃការចែករំលែកក្នុង ស្មារតីភាតរភាពរបស់ប្រជាជាតិយើង។
អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូន នៅទីចាត់ការហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ រៀងរាល់ ម៉ោងធ្វើការ ទូរស័ព្ទលេខ ០១២ ៦១៦ ៥៣៦ / ០១៧ ៨៦៧ ៨៧២ ឬបង្វែរតាមគណនីធនាគារ ABAរបស់ រដ្ឋបាលរាជធានីភ្នំពេញ៖ PHNOM PENH CAPITAL HALL លេខ៖ 599 778 899 (KHR) និងលេខ៖ 399 778 899 (USD)៕


