Feature

ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ ជាឱកាសបង្ហាញពីភាព សម្បូរបែបនៃកម្ពុជា

ភ្នំពេញ៖ ឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា «ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦» ដែលរៀបចំឡើងដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ ជាឱកាសបង្ហាញពីភាពសម្បូរបែបនៃកម្ពុជា រួមមាន វប្បធម៌ ប្រវត្តិសាស្ត្រ បេតិកភណ្ឌជាតិ ម្ហូបអាហារ ឆ្នេរសមុទ្រ ទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ រហូតដល់ផលិតផល និងសេវាកម្មទេសចរណ៍ទំនើបៗ។

អាកាសយានដ្ឋានអន្ដរជាតិតេជោ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំពិធីបើក «ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦» ក្រោមប្រធានបទ «យើងទាំងអស់គ្នាដើម្បីទេសចរណ៍» រយៈពេល៥ថ្ងៃ ពោលចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ តាមរយៈឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃអាកាសយានដ្ឋានអន្ដរជាតិតេជោ បានឱ្យដឹងថា ការរៀបចំ «ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦» អាចបញ្ជាក់ថា អាកាសយានដ្ឋានមិនមែនជាកន្លែង សម្រាប់តែការធ្វើដំណើរចូល និងចេញពីប្រទេសប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចដំបូង នៃបទពិសោធន៍របស់ភ្ញៀវទេសចរ និងជាផ្នែកមួយ នៃខ្សែសង្វាក់របស់វិស័យទេសចរណ៍កម្ពុជា។

បន្ថែមពីនោះទៀត ឧកញ៉ា ឆារស៍ វ៉ាន់ បានលើកឡើងថា ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យើងទាំងអស់គ្នាដើម្បីទេសចរណ៍» គឺជាការបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់នៃពាក្យ «រួមគ្នា» ។

វិស័យទេសចរណ៍ មិនអាចរីកចម្រើនដោយស្ថាប័ន ឬអាជីវកម្មណាមួយតែឯងបានឡើយ គឺត្រូវការកិច្ចសហការរួមគ្នា រវាងរដ្ឋាភិបាល អាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ប្រតិបត្តិករទេសចរណ៍ ភ្នាក់ងារទេសចរណ៍ អ្នកវិនិយោគ សហគមន៍មូលដ្ឋាន និងគ្រប់ដៃគូពាក់ព័ន្ធ។ នៅពេលដែលយើងធ្វើការរួមគ្នា ភ្ញៀវទេសចរ​ មិនត្រឹមតែធ្វើដំណើរមកកាន់កម្ពុជា ប៉ុន្តែពួកគេនឹងទទួលបាន បទពិសោធន៍កាន់តែប្រសើរ និងមានអនុស្សាវរីយ៍ ដែលនឹងនាំពួកគេត្រឡប់មកកម្ពុជា ម្តងហើយ ម្តងទៀត។ ទាំងនេះ គឺជាស្មារតីដែលយើងចង់បង្ហាញ តាមរយៈពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦។ នេះបើតាមនាយកគ្រប់គ្រង នៃអាកាសយានដ្ឋានអន្ដរជាតិតេជោ បញ្ជាក់បន្ថែម ។

បើតាមឧកញ៉ា ឆារស៍ វ៉ាន់, តាមរយៈព្រឹត្តិការណ៍នេះ យើងមានឱកាសបង្ហាញពីភាពសម្បូរបែបនៃកម្ពុជា រួមមាន វប្បធម៌ ប្រវត្តិសាស្ត្រ បេតិកភណ្ឌជាតិ ម្ហូបអាហារ ឆ្នេរសមុទ្រ ទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ រហូតដល់ផលិតផល និងសេវាកម្មទេសចរណ៍ទំនើបៗ។

សូមបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍ឆ្នាំ២០២៦ មិនត្រឹមតែជាព្រឹត្តិការណ៍បង្ហាញផលិតផល ឬសេវាកម្ម ទេសចរណ៍ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាយុទ្ធសាស្ត្រដ៏មានឥទ្ធិពល ក្នុងការផ្លាស់ប្តូរគំនិត ច្នៃប្រឌិតបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្ម។ លើសពីនោះទៀត ក៏បង្ហាញពីភាពចម្រុះ នៃសម្បត្តិវប្បធម៌ធម្មជាតិ និងការបដិសណ្ឋារកិច្ច ប្រកបដោយស្នាមញញឹមរបស់ប្រជាជនកម្ពុជា ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ៕

To Top