កម្ពុជា-ព្រីតថេន រួមគ្នាលុបបំបាត់ បទល្មើសបច្ចេកវិទ្យាឆ្លងដែន និងពង្រឹងសន្តិសុខ ក្នុងតំបន់ និងអន្តរជាតិ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃព្រីតថេន និងអៀរឡង់ខាងជើង បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីរួមគ្នាលុបបំបាត់បទល្មើសបច្ចេកវិទ្យាឆ្លងដែន និងពង្រឹងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
ពិធីចុះហត្ថលេខា ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងមហាផ្ទៃរវាង លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក Lord Hanson រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង ដោយមានការអញ្ជើញចូលរួមពី លោក Dominic Williams ឯកអគ្គរាជទូតប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃភាគីទាំងពីរ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីឆន្ទៈដ៏មុតមាំ និងលទ្ធផលជាក់ស្តែងដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមាន ការបណ្តេញចេញ និងចាកចេញរបស់ជនបរទេស ដែលបើគិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ជាង ៥០.០០០នាក់ ត្រូវបានបណ្តេញចេញ និងស្ម័គ្រចិត្តចាកចេញពីកម្ពុជា ដោយមួយចំនួនបានត្រឡប់ទៅប្រទេសដើមកំណើត និងមួយចំនួនទៀតចាកចេញទៅបណ្តាប្រទេសជិតខាងដូចជា ប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា ស្រីលង្កា និងបង់ក្លាដេស។
ចំពោះការអនុវត្តច្បាប់ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបញ្ជូនសំណុំរឿង និងបុគ្គលពាក់ព័ន្ធប្រមាណ ២.២០០នាក់ ទៅកាន់តុលាការ និងកំពុងរៀបចំរឿងក្តីបន្ថែមទៀត។
សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងមហាផ្ទៃកម្ពុជា និងរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង បានកំណត់ពីការបង្កើតក្រុមការងារពិសេស (Task Force) ដែលនឹងបន្ថែមលើក្រុមការងារ Task Force ដែលកម្ពុជាមានស្រាប់ជាមួយប្រទេសថៃ វៀតណាម ឡាវ កូរ៉េ ជប៉ុន និងអូស្ត្រាលី៕
