សម្តេចតេជោ ៖ រដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល៣៣ឆ្នាំហើយ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា មានប្រសាសន៍ថា គិតមកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ គឺជាខួបទី៣៣ឆ្នាំដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នូវរដ្ឋធម្មនុញ្ញកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសអបអរសាទរខួប៣៣ឆ្នាំ នៃទិវាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញសម្តេចតេជោ រៀបរាប់ថា ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់ នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មក នៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសកម្ពុជាបានរៀបចំការ បោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារ ពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។
សម្តេចតេជោបន្តថា ក្រោយពីការបោះឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ ។
សម្តេចតេជោបន្ថែមថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។
ប្រមុខរដ្ឋស្តីទីមានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលមកដល់ឆ្នាំ២០២៦ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុ កាល៣៣ឆ្នាំហើយ។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
សម្តេចតេជោបន្តទៀតថា រដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ ៖ អំណាចនីតិបញ្ញត្តិ , នីតិប្រតិបត្តិ និងតុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម ៕
