មន្ត្រីក្រសួង-ស្ថាប័នជាតិ អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ ក្នុងឱកាសរំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំប្រារពពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦) ដោយមានការចូលរួម ពីតំណាងស្ថាប័នកំពូលៗរបស់ជាតិ តំណាងក្រសួងនានា តំណាងអង្គការសង្គមស៊ីវិល អាជ្ញាធររាជធានីភ្នំពេញ និងវិស័យឯកជនជាច្រើនទៀត ដើម្បីបញ្ជាក់ពីតម្លៃប្រវត្តិសាស្ត្រ និងសមិទ្ធផលដ៏ធំធេងរបស់រដ្ឋធម្មនុញ្ញកម្ពុជា។

រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ និងឡាយព្រះហស្តលេខាប្រកាសឱ្យប្រើដោយ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ លើព្រះរាជក្រមប្រកាសឱ្យប្រើ។
រដ្ឋធម្មនុញ្ញនេះ បានបន្សាំគ្នាយ៉ាងល្អរវាង គុណតម្លៃប្រពៃណីខ្មែរ (ជាតិ សាសនា ព្រះមហាក្សត្រ) និង គុណតម្លៃធម្មនុញ្ញទំនើប (ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ដោយបញ្ចូលទាំងស្រុង នូវខ្លឹមសារ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

រដ្ឋធម្មនុញ្ញកម្ពុជា បានឆ្លងកាត់ការធ្វើវិសោធនកម្មចំនួន ១០លើក និងច្បាប់ធម្មនុញ្ញបន្ថែម១ ដើម្បីឆ្លើយតបនឹងតម្រូវការសង្គម ។ រដ្ឋធម្មនុញ្ញបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ថ្មី ក្រោមការដឹកនាំ និងគំនិតផ្ដួចផ្ដើមដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំប្រកបដោយឋាមពលរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ បន្តប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តរដ្ឋធម្មនុញ្ញ ការពារសុខសន្តិភាព ឯកភាពជាតិ និងស្ថិរភាពនយោបាយ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕























