កម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល ភ្លៀងធ្លាក់ ជាប់គ្នា៨ថ្ងៃ
ភ្នំពេញ ៖ ក្រសួងក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ទោះបីជាកម្ពុជា ពុំស្ថិតនៅក្នុងគន្លង ផ្លូវដើររបស់ព្យុះទី២៦ ឈ្មោះស៊ូរីហ្គាអេ ក៏ដោយ ប៉ុន្តែកម្ពុជាក៏នឹងមានភ្លៀងធ្លាក់ជាប់គ្នា ក្នុងរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃ២៤ កញ្ញា ដល់ថ្ងៃ៣០កញ្ញា ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះបានឱ្យដឹងថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ ហើយមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ស៊ូរីហ្គាអេ នេះទេ។
ប៉ុន្តែស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅតំបន់វាលទំនាប មាននៅខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប ដណ្តប់លើផ្ទៃដី ៧០%។
ចំពោះតំបន់ខ្ពង់រាប មាននៅខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៥០% ។
ដោយឡែក តំបន់មាត់សមុទ្រ មាននៅខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៧០% ។ ក្នុងនោះ រលកសមុទ្របោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ។
យោងលើការព្យាករនេះ ក្រសួងធនធានទឹក អំពាវនាវសាធារណជនប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក ៕
