Feature

កត្តាសុខសន្តិភាព នាំឱ្យក្រុមហ៊ុន G Advantures សម្រេចជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាត ទេសចរណ៍ពិភពលោក

ភ្នំពេញ៖​ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ទើបក្រុមហ៊ុន G Advantures សម្រេចជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក (GX Summit) ២០២៦។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកពិព័រណ៍វត្តភ្នំ «Wat Phnom Fair » នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាបេះដូង និងជានិមិត្តរូបនៃប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណដ៏រុងរឿង នៃរាជធានីភ្នំពេញ ។

ក្នុងការរៀបចំពិព័រណ៍វត្តភ្នំ «Wat Phnom Fair » ដោយក្រសួងទេសចរណ៍ សហការជាមួយ ក្រុមហ៊ុន G Adventures រៀបចំឡើង ដើម្បីឱ្យភ្ញៀវជាតិ-អន្តរជាតិ ប្រមាណ ៧០០នាក់ បង្កើតបាននូវភាពសប្បាយរីករាយ និងមានទំនុកចិត្តខ្ពស់។ ពិព័រណ៍វត្តភ្នំ «Wat Phnom Fair »គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើន នៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ដោយព្រឹត្តិការណ៍នេះ បានស្វាគមន៍ ភ្ញៀវទេសចរអន្តរជាតិជាច្រើន មកទស្សនាប្រទេសកម្ពុជា ជាពិសេសមានឱកាសស្វែងយល់ កាន់តែច្បាស់អំពីភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ និងប្រពៃណីរបស់កម្ពុជា តាមរយៈការតាំងបង្ហាញ នូវទស្សនីយភាពជាច្រើន រួមមានការលេងល្បៃងប្រជាប្រិយ ការសម្ដែងសិល្បៈបុរាណ ការរាំវង់ និងការភ្លក់ម្ហូបអាហារខ្មែរ ជាច្រើនសម្បូរបែបទៀត ។

ក្នុងឱកាសនេះ លោក ឃួង ស្រេង បានលើកឡើង ពីប្រវត្តិនៃការកកើតឡើងនៃរាជធានីភ្នំពេញ តាំងពីឆ្នាំ១៤៣៤និងអ្វីដែលបានកើតឡើង ចំពោះទីក្រុងមួយនេះ ដោយបញ្ជាក់ថា ទីក្រុងភ្នំពេញ បានទទួលភាពជូចត់ជាច្រើន ពិសេស ក្នុងរបបប្រល័យពូជសាស្ត្រប៉ុល ពត ធ្វើឱ្យរាជធានីភ្នំពេញធ្លាក់ដល់ចំណុចសូន្យ គ្មានអ្វីទាំងអស់។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី អនុវត្តតាម គោលនយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទសដ៏កំសត់មួយនេះ មានការអភិវឌ្ឍរីកចំរើន ដូចសព្វថ្ងៃ មានសុខ សុវត្ថិភាព ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ មកដើរលេងកំសាន្តនៅប្រទេសកម្ពុជា ជាមួយទំនុកចិត្តខ្ពស់។

សំរាប់ទស្សនៈកិច្ច ទេសចរណ៍របស់ ក្រុមហ៊ុន G Adventures នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ បានធ្វើឱ្យវិស័យទេសចរណ៍​ កើនឡើងមួយកម្រិតថែមទៀត ហើយក៏នឹងបន្តភាពទាក់ទាញ ឱ្យភ្ញៀងទេសចរផ្សេងទៀត មកលេងនៅកម្ពុជា កាន់តែច្រើនបន្ថែមទៀត។

ថ្លែងក្នុងឱកាសនោះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ កម្ពុជា គឺជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព មានភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីគ្រប់ទិសទីនៅលើសកលលោក។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមថា កម្ពុជា មិនមែនមានត្រឹមតែភាពអស្ចារ្យនៃប្រាសាទអង្គវត្ត និងបុរាណដ្ឋាននានានៅខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែ លើសពីប្រាសាទ (Beyon temple) កម្ពុជា អាចផ្តល់ជូនភ្ញៀវទេសចរ នូវបទពិសោធទេសចរណ៍ពិសេស ភាពរួសរាយរាក់ទាក់ ភាពស្មោះត្រង់របស់ប្រជាជន ដែលពិភពលោកបានទទួលស្គាល់ជា ស្មាមញញឹមខ្មែរ ម្ហូបអាហារដ៏សម្បូរបែប និងឆ្ងាញ់ពិសារ សិល្បៈ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏យូរលង់ ដែលទាំងអស់នេះ គឺជាអត្តសញ្ញាណខ្មែរ និងពោរពេញដោយភាពល្អឯកដ៏វិសេសវិសាល (Authenticity)ផងដែរ៕

To Top