បញ្ហាឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ! កម្ពុជា មិនអាចអនុវត្តតែម្នាក់ឯងបានទេ គឺទាមទារនូវកិច្ចសហប្រតិបត្តិការ ពីបណ្តាប្រទេសជាដៃគូ
ភ្នំពេញ ៖ បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា កម្ពុជា មិនអាចអនុវត្តតែម្នាក់ឯងបានទេ គឺទាមទារនូវកិច្ចសហប្រតិបត្តិការ ពីបណ្តាប្រទេសជាដៃគូ និងអ្នកពាក់ព័ន្ធនានា។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Yang Weilin អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខ សាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន និង គណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួម សន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី២២-២៥ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, លោកអនុរដ្ឋមន្ត្រី បានកោតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើង ថែមទៀត។
លោក អនុរដ្ឋមន្ត្រី បានគូសរំលេចអំពីការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ តាមរយៈការជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល និងការដំឡើងកម្រិតកិច្ចសន្ទនាពី ២+២ ទៅ ៣+៣ ដោយបន្ថែមក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន។ លោក ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសការរួមគ្នាប្រយុទ្ធប្រឆាំង នឹងបទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលតែងតែបានគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជា និងចិន ដែលក្នុងនោះ រួមមានទាំងកិច្ចសហប្រតិបត្តិការ លើការពង្រឹងសន្ដិសុខ, ការចែករំលែកព័ត៌មាន និងការពង្រឹងការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់កម្ពុជា។

ចំពោះការបង្ក្រាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា, សម្ដេចធិបតី បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត្ត របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាត ឱ្យអស់ពីទឹកដីកម្ពុជា ។ សម្ដេចធិបតី បានបន្ថែមថា «ពាក់ព័ន្ធនឹងកិច្ចការនេះ កម្ពុជាមិនអាចអនុវត្តតែម្នាក់ឯងបានទេ ពោលគឺទាមទារនូវកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសជាដៃគូ និងអ្នកពាក់ព័ន្ធនានា» ។
ក្រៅពីនេះ, សម្ដេចធិបតីក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ក្នុងការជំរុញវិស័យទេសចរណ៍ និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេស ការទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត ដោយ សម្ដេច បានគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព, ភាពកក់ក្តៅ និងពោរពេញដោយការស្វាគមន៍រាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា៕
