លោកទូច សុឃៈ ៖ រដ្ឋមន្រ្តីមហាផ្ទៃ មិនជាប់ពាក់ព័ន្ធអគារ ស្កែមនៅខេត្តព្រៃវែង
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់យ៉ាងច្បាស់ៗ ដើម្បីការពាររដ្ឋមន្រ្តីផ្ទៃថា លោកឧបនាយករដ្ឋមន្ត្រី ស សុខា មិនជាប់ពាក់ព័ន្ធទៅនឹងអគារអនឡាញ ស្កែមនៅខេត្តព្រៃវែងនោះទេ ។
ការបញ្ជាក់ច្បាស់ៗបែបនេះ របស់លោកទូច សុឃៈ បន្ទាប់ពីលោកតាំង សារាដាជាអ្នកអធិប្បាយនៅគេហទំព័រឌឹខេមបូឌាផ្សាយចេញពីបរទេសនោះ បានចោទប្រកាន់ លោក ស សុខាថា ជាប់ពាក់ព័ន្ធអគារស្កែមនៅខេត្តព្រៃវែង ចាប់តាំងលោកបានធ្វើជាតំណាងរាស្រ្តនៅខេត្តព្រៃវែងមកម្ល៉េះ។

ចំពោះការចោទប្រកាន់នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានថ្លែងអះអាងថា “ខ្ញុំសូមបញ្ជាក់ជូនបង តាំង សារាដា និងសាធារណជនថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា ពុំមានការជាប់ពាក់ព័ន្ធនឹងអគារស្កែមនៅខេត្តព្រៃវែង និងទីតាំងផ្សេងណាមួយដូចការប្រឌិត ធ្វើនិទានកថា និងផ្សព្វផ្សាយឡើយ តាំងតែពីដើមទី រហូតមកដល់បច្ចុប្បន្ននេះ និងទៅថ្ងៃអនាគត” ។
លោកបន្តថា ចំពោះការលើកឡើងថា មានមន្រ្តីនគរបាលជាន់ខ្ពស់ម្នាក់ទំលាយរឿងលោក សសុខាទៅប្រាប់លោក តាំង សារាដា នោះ គឺគ្មានមន្ត្រីនគរបាលជាន់ខ្ពស់ណាខ្សឹបប្រាប់នោះទេ។ លោក ទូច សុឃៈសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដូចលោក ស សុខានេះ មានភាពស្អាតស្អំ មិនដើរលើផ្លូវទុច្ចរិត ឬខុសច្បាប់ណាមួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន លោកនោះជាដាច់ខាត ។ ផ្ទុយទៅវិញ គឺលោកជាប្រតិបត្តិករដឹកនាំបង្ក្រាប បោសសម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងសកម្ម និងថែមទាំងរងការគំរាមកំហែងពីឧក្រិដ្ឋជនអនាមិក ដល់សន្តិសុខលោក រួមទាំងក្រុមគ្រួសារផងដែរ ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា មានតែការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងជំហរហ្នឹងធឹង រិះរកគ្រប់មធ្យោបាយ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ តាមរយៈការកែទម្រង់អង្គភាព មន្ត្រីរាជការចំណុះ និងប្រព័ន្ធការងារស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ពិសេសក្រោមមាគ៌ាដឹកនាំដ៏អង់អាចស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាគំរូ ៕
