រដ្ឋមន្រ្តីព័ត៌មាន ៖ ICCOS រកឃើញឆន្ទះរួម ប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងសន្និសីទអន្តរជាតិ លើការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)ធ្វើឡើង នៅកម្ពុជារយៈពេល២ថ្ងៃនេះ បានរកឃើញឆន្ទះរួម របស់គណៈប្រតិភូ ចូលរួមជិត៣០ប្រទេស លើការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។
ក្នុងសន្និសីទបង្ហាញលទ្ធផល នៃសន្និសីទអន្តរជាតិ លើការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នៅថ្ងៃទី២៤ ខែកញ្ញា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា បណ្តាគណៈប្រតិភូមកពីបណ្តាប្រទេស២៧ប្រទេសនៅទូទាំងពិភពលោក ដែលបានចូលរួមក្នុងសន្និសីទ ICCOS ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនេះ បានរកឃើញឆន្ទះរួមនោះ គឺការរួមគ្នាប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។
លោកថា “ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ គឺចាប់ផ្តើមដំបូងពីឆន្ទះនៃបណ្តាប្រទេសទាំងអស់ដែលមានបញ្ហាឬក៏មិនមានបញ្ហាគឺរួមគ្នា ។ អ្វីដែលជាកិច្ចសន្យារួមគឺថា ចេញពីឆន្ទះរបស់បណ្តាប្រទេសនៅក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញរួមគ្នា ។ នេះគឺជាអ្វីដែលយើងបានរកឃើញ នៅក្នុងសន្និសីទអន្តរជាតិដែលមាន២៧ប្រទេសចូលមកហ្នឹង គឺទាំងអស់ប្តេជ្ញា នៅក្នុងការរួមសហការគ្នា”។
លោកសង្កត់ធ្ងន់ថា ចេញពីឆន្ទះ គឺចេញទៅសហប្រតិបត្តិការជាមួយគ្នា ហើយចេញពីសហប្រតិបត្តិការគឺការជួយគ្នាទៅវិញ ។
ចំពោះការចំណាយថវិការួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងការកម្រិតណានោះ ត្រូវបានឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា រឿងថវិកានេះ ចាំគិតគូរនៅពេលលទ្ធផលជាក់ស្តែងឈានចូលមកដល់ ប៉ុន្តែអ្វីដែលជាចំណុចសំខាន់គឺ បានរកឃើញនូវឆន្ទះរួមគ្នាមួយ លើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ ។
រដ្ឋមន្រ្តីបន្ថែមថា ចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះពិតជាទទួលស្គាល់ថា ជាបញ្ហាចាក់ស្រេះមួយយ៉ាងធ្ងន់ធ្ងរដែលពាក់ព័ន្ធទៅដល់សេដ្ឋកិច្ច សង្គម និងទេសចរណ៍ផងដែរ ៕
