Feature

ICCOS កម្ពុជាធ្វើជាម្ចាស់ផ្ទះ បានអនុម័ត សេចក្តីប្រកាសទីក្រុងភ្នំពេញ ចំនួន១១ចំណុច

ភ្នំពេញ៖ សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ដែលកម្ពុជាធ្វើជាផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ និងបានអនុម័ត សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលមាន១១ចំណុច ដើម្បីអំពាវនាវឱ្យមានការឆ្លើយតបថ្នាក់ជាតិ តំបន់ និង សាកលលោក ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា តំណាងមកពីបណ្តាប្រទេសចូលរួម និងស្ថាប័នអន្តរជាតិនានា បានចែករំលែកបទពិសោធជាតិ និង ឧត្តមានុវត្តន៍ ពាក់ព័ន្ធនឹងការឆបោក ដែលប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ការស៊ើបអង្កេតហិរញ្ញវត្ថុ គណនីអ្នកទទួល និងផ្ទេរប្រាក់ដែលឈរឈ្មោះឱ្យបណ្តាញឧក្រិដ្ឋជន បទល្មើសបច្ចេកវិទ្យា សេវាគាំទ្រនិងការការពារ ដែលផ្តោតលើជនរងគ្រោះ ព្រមទាំងកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ឆ្លងព្រំដែនកាន់តែរឹងមាំ ស្របតាមច្បាប់ជាតិជាធរមាន និង លិខិតូបករណ៍គតិយុត្តអន្តរជាតិពាក់ព័ន្ធ និងដោយផ្អែកលើគោលការណ៍គោរព និងយោគយល់គ្នាទៅវិញទៅមក ព្រមទាំងគោរពអធិបតេយ្យជាតិ ។

ក្នុងនោះសម្រាប់សេចក្តីប្រកាសទីក្រុងភ្នំពេញ ត្រូវបានអនុម័ត លើ១១ចំណុច ដូចខាងក្រោម ៖
(១)ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ (២) កាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម (៣)រារាំង និង ប្រមូលត្រឡប់មកវិញ នូវផលនៃបទល្មើស (៤) ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា (៥)ពង្រឹងក្របខ័ណ្ឌ គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ (៦) កសាងសមត្ថភាព និងភាពធន់ (៧) ពង្រឹងភាពជាដៃគូរវាងរដ្ឋ និង ឯកជន (៨) គាំទ្រការការពារជនរងគ្រោះ ដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ (៩) អនុវត្តគោលការណ៍ មិនផ្តន្ទាទោសចំពោះជនរងគ្រោះ (១០) ទប់ស្កាត់ការឆបោក និងការជួញដូរមនុស្ស និង (១១) លុបបំបាត់ទីតាំង ឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ។

បន្ថែមលើនេះ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តទាំងនេះ ឱ្យទៅជាសកម្មភាពប្រកបដោយចីរភាព និងវិធានការដែលមានប្រសិទ្ធភាព សម្រាប់ការការពារជនរងគ្រោះ ព្រមទាំងទប់ស្កាត់ បណ្តាញឆបោកមិនឱ្យកើតមានឡើងវិញ៕

To Top