កម្ពុជា-សិង្ហបុរី ប្តេជ្ញាលុបបំបាត់ Online Scams ដោយមិនដាក់បន្ទុកទៅលើភាគី ឬប្រទេសមួយឡើយ
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦លោក Zhulkarnain Abdul Rahim អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងមហាផ្ទៃសិង្ហបុរី បានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មិនមែនកើតមានតែនៅកម្ពុជា ឬសិង្ហបុរីនោះទេ ប៉ុន្តែជាបញ្ហាសកល កើតមាននិង មានជនរងគ្រោះគ្រប់ទីកន្លែង ពោលគឺជាបញ្ហារួមដែលគ្រប់ភាគី ត្រូវរួមគ្នាដោះស្រាយ ដោយមិនដាក់បន្ទុកទៅលើភាគី ឬប្រទេសមួយឡើយ។
បើតាម លោក Zhulkarnain Abdul Rahim បានអះអាងថា សិង្ហបុរី បានត្រៀមលក្ខណៈដាក់ចេញគំនិតផ្ដួចផ្ដើមថ្មីៗមួយចំនួន ក្នុងក្របខណ្ឌនៃការរួមគ្នាប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសនៅក្នុងឱកាសប្រទេសសិង្ហបុរី ទទួលធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២៧។
ក្នុងក្របខណ្ឌប្រទេសកម្ពុជា លោក បានបញ្ជាក់ឡើងវិញថា បញ្ហាស្កេម ជាបញ្ហាមួយដែលគ្រប់គ្នាត្រូវយល់ដឹងថា បើប្រទេសណាមួយមានសុវត្ថិភាព ប្រទេសណាមួយផ្សេងទៀត ក៏មានសុវត្ថិភាពដែរ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើប្រទេសណាមួយគ្មានសុវត្ថិភាព ប្រទេសណាមួយផ្សេងទៀតក៏ គ្មានសុវត្ថិភាពដូចគ្នាដែរ។ ដូច្នេះការរួមគ្នាប្រយុទ្ធប្រឆាំងបញ្ហាស្កេម គឺជារឿងចាំបាច់ និងបន្ទាន់បំផុត ជាក់ស្ដែងនៅសិង្ហបុរី ក៏មានអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងការឆបោកក្នុងស្រុក និងក្រៅប្រទេស ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ ប្រជាពលរដ្ឋជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ។
លោក ឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ឯកភាព ចំពោះការលើកឡើងរបស់ ឯកឧត្តម អនុរដ្ឋមន្ត្រីសិង្ហបុរី អំពីភាពចំាបាច់នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងស្កេម ពីព្រោះបញ្ហានេះមិនត្រូវការភាគីណាមួយយកដៃចង្អុលទៅភាគីណាមួយឡើយ ប៉ុន្តែត្រូវតែយកដៃចាប់គ្នាដើម្បីផ្លាស់ប្ដូរនូវបទពិសោធ ព័ត៌មាន និងបង្កើតយន្តការសហប្រតិបត្តិការឱ្យបានកាន់តែសកម្ម និងជឿនលឿន។
លោក ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តយ៉ាងប្រាកដប្រជា និងម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាល ដើម្បីបន្តប្រតិបត្តិការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលនៅសេសសល់ពួកឧក្រិដ្ឋជនប្រមូលផ្ដុំគ្នាជាទ្រង់ទ្រាយតូចៗធ្វើសកម្មភាព បន្ទាប់ពីប្រតិបត្តិការកន្លងមកបានបង្ក្រាបទីតាំងធំៗប្រមាណជាង៦០០ទីតាំង មានអ្នកជាប់ពាក់ព័ន្ធប្រមាណជាង២.០០០នាក់ កំពុងជាប់ឃុំ និងត្រៀមប្រឈមមុខនឹងផ្លូវច្បាប់ ដែលអាចជាប់ពន្ធនាគារចន្លោះពី ៥ទៅ២៥ឆ្នាំ ស្របតាមច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕
