Feature

អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ ពលរដ្ឋ១១គ្រួសារ ដែលទើបជម្លៀសចេញពីមាត់ស្ទឹងសិរីសោភ័ណ មកកាន់ទីទួលសុវត្ថិភាព

បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ដល់ទីទួលសុវត្ថិភាព ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ១១គ្រួសារ ដែលត្រូវបានជម្លៀសជាបន្ទាន់ចេញពីលំនៅឋានមាត់ស្ទឹងសិរីសោភ័ណ បន្ទាប់ពីជំនន់ទឹកភ្លៀងបាននិងកំពុងបន្តកើនឡើងខ្ពស់។

ពលរដ្ឋរងគ្រោះដោយជំនន់ទាំង ១១គ្រួសារនោះ រួមមានមកពីភូមិព្រៃឬស្សី ចំនួន ៨គ្រួសារ និងភូមិក្បាលស្ពាន ចំនួន ៣គ្រួសារ ដែលត្រូវអាជ្ញាធរសម្រេចជម្លៀសមកកាន់ទីតាំងសុវត្ថិភាពឲ្យទាន់ពេលវេលា ដើម្បីសុវត្ថិភាពអាយុជីវិតពីគ្រោះមហន្តរាយទឹកជំនន់។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី ក៏បានផ្ដល់អំណោយជាស្បៀងអាហារ មុង ភួយ នំចំណី និងសម្ភារៈពេទ្យ ព្រមទាំងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាព ដោយត្រូវប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីការពារខ្លួនពីជំងឺឆ្លងផ្សេងៗក្នុងកំឡុងពេលទឹកជំនន់៕

អត្ថបទ:ប៊ុន សំណាង/Dap News

To Top