Feature

រដ្ឋបាលក្រុងប៉ោយប៉ែត ប្រកាសអាសន្ន និង ដាក់ចេញវិធានការ បន្ទាន់ទប់ស្កាត់ទឹកជំនន់

បន្ទាយមានជ័យ៖ ក្នុងកាលៈទេសៈដែលស្ថានភាពទឹកជំនន់កំពុងកើនឡើងគួរឱ្យបារម្ភ រដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំ របស់លោក គាត ហ៊ុល អភិបាលក្រុង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសដាក់ ចេញនូវវិធានការ ប្រកាសអាសន្នយ៉ាងម៉ឺងម៉ាត់ ដោយអំពាវនាវ ឱ្យប្រជាពលរដ្ឋ នៅតាមតំបន់ប្រឈមបង្កើន ស្មារតីប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរដើម្បីសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។

វិធានការគន្លឹះសំខាន់ៗ ដែលប្រជាពលរដ្ឋត្រូវអនុវត្តបន្ទាន់ រួមមាន៖
១. វិធានការបន្ទាន់ភ្លាមៗ៖ រួសរាន់ជម្លៀសខ្លួន និងសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព កាត់ផ្តាច់ចរន្តអគ្គិសនីនិងបិទធុងហ្គាស និងតាមដានព័ត៌មានផ្លូវការជាប្រចាំ។

២. សុវត្ថិភាពផ្ទាល់ខ្លួន៖ ហាមឃាត់ការដើរ ឬបើកបរឆ្លងកាត់ចរន្តទឹកហូរដែលមានជម្រៅចាប់ពី ១៥ សង់ទីម៉ែត្រឡើងទៅ ប្រយ័ត្នសត្វអាសិរពិស និងហាមប៉ះពាល់ឧបករណ៍អគ្គិសនីសើមទឹក។

៣. អនាម័យ និងសុខភាព៖ គោលការណ៍ហូបស្អាត ផឹកស្អាត (ទឹកឆ្អិន) រក្សាអនាម័យដៃជាមួយសាប៊ូ និងគេងក្នុងមូសឃ្នងដើម្បីការពារជំងឺគ្រុនឈាម។

៤. សម្ភារចាំបាច់៖ ត្រៀមស្បៀងអាហារក្រៀម ទឹកស្អាត ថ្នាំសង្គ្រោះបឋម ពិល ឧបករណ៍ទំនាក់ទំនង និងច្រកឯកសារសំខាន់ៗក្នុងថង់ការពារទឹក។

រដ្ឋបាលក្រុងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

អត្ថបទ: ប៊ុន សំណាង/Dap News

To Top