Feature

ក្រុមការងារ ចាត់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការសាយភាយ សំណល់ប្រេង បន្ទាប់ពីរថភ្លើងដឹកប្រេងក្រឡាប់ នៅក្រុងបាត់ដំបង

ភ្នំពេញ ៖ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តបាត់ដំបង បានសហការ ជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីចាត់វិធានការ ជាបន្តបន្ទាប់ ធ្វើការទប់ស្កាត់ការសាយភាយសំណល់ប្រេង និងស្តារបរិស្ថាន ក្រោយករណីរថភ្លើងដឹកប្រេងក្រឡាប់ធ្លាក់ផ្លូវ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងភូមិអណ្តូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាក់ស្ដែងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារ បានណែនាំឱ្យមានការរៀបចំទំនប់ដីបន្ថែម នៅតាមដីចំណីផ្លូវរថភ្លើង ដើម្បីការពារពេលភ្លៀងខ្លាំង និងទប់ស្កាត់ការហូរសំណល់ប្រេង ចូលទៅក្នុងស្រែក្បែរទីតាំងឧបទ្ទវហេតុ ។

ក្រុមការងារបានបន្តសហការឱ្យក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋានបិទបណ្តោះអាសន្ន មុខលូប្រឡាយចំនួន ៤ ទីតាំង ដែលខ័ណ្ឌដោយក្តារបន្ទះ ដើម្បីទប់ស្កាត់សំណល់ប្រេងហូរទៅទីតាំងផ្សេងទៀត។ អាជ្ញាធរបន្តដាក់ខ្សែពទ្ធ័ជុំវិញ ទីតាំងកើតហេតុ និងដាក់ស្លាក់សញ្ញានៅតាមទីតាំងរណ្តៅ ដែលបានជីកសម្រាប់ប្រមូលសំណល់ប្រេង ដើម្បីការពារសុវត្ថិភាព។

ជាមួយគ្នានេះវិធានការចាំបាច់ គឺក្រុមហ៊ុនបានប្រមូលទុកដាក់ និងដឹកជញ្ជូនសំណល់រុក្ខជាតិ ដែលប្រឡាក់ប្រេង និងចំបើងប្រើប្រាស់ ក្នុងការសម្អាតប្រេង ទៅដុតកម្ទេចចោលនៅរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន នៅខេត្តកំពត។

ចំពោះវិធានការសុខភាព ក្រុមការងារបានស្នើដល់អាជ្ញាធរបន្តអប់រំប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងឧបទ្ទវហេតុ កុំឱ្យប៉ះពាល់ជាមួយសំណល់ប្រេង និងមានការថែទាំសុខភាពឱ្យបានល្អ។ សូមបញ្ជាក់ថា ដោយសារមានភ្លៀងធ្លាក់ បានធ្វើឱ្យសំណល់ប្រេង ដែលបានហៀរចូលកប់ក្នុងដី អាចអណ្តែតឡើង និងបង្កអោយមានក្លិនខ្លាំងផងដែរ៕

To Top