ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកវិស័យសុខាភិបាលជាវិស័យអាទិភាព ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសុខាភិបាលឱ្យកាន់តែមានគុណភាព ។

ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកសុខាភិបាល “ឋ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សាស្រ្តាចារ្យ ឈាង រ៉ា កោតសរសើរដល់ក្រុមការងារវិស័យឯកជន ដែលបានលើកយកបញ្ហាមកពិភាក្សាដោះស្រាយ ដើម្បីធ្វើយ៉ាងណាជំរុញដល់កិច្ចសហប្រតិបត្តិការនិងវិស័យឯកជន។ បន្ថែមពីនេះ រដ្ឋមន្រ្តីជំរុញឱ្យអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសធ្វើការដោះស្រាយនូវបញ្ហារបស់វិស័យឯកជនឱ្យបានឆាប់រហ័ស និងស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកវិស័យសុខាភិបាលជាវិស័យអាទិភាព ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាលឱ្យកាន់តែមានគុណភាព និងអ្នកបម្រើសេវាត្រូវមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ព្រោះគុណភាពសេវាជាចំណុចសំខាន់ចម្បង។ បន្ថែមពីនេះ ការរីកចម្រើននៃបច្ចេកវិទ្យា អាចជួយការងារជាច្រើន ស្របពេលបច្ចេកវិទ្យា AI អាចជួយការងារក្នុងវិស័យសុខាភិបាលបានជាច្រើន ប៉ុន្តែអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាអ្នកសម្រេចចិត្តចុងក្រោយ ព្រោះបច្ចេកវិទ្យាមិនអាចជំនួយឱ្យការសម្រេចចិត្តរបស់មនុស្សបានទាំងស្រុងឡើយ។
ក្នុងឱកាសនោះ ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង តំណាងវិស័យឯកជន បានកោតសរសើរដល់ក្រសួងសុខាភិបាល ដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងការដោះស្រាយបញ្ហាដែលជាកង្វល់របស់វិស័យឯកជន និងបានលើកយកនូវបញ្ហា និងកង្វល់របស់វិស័យឯកជនមកដាក់ជូនកិច្ចប្រជុំដោះស្រាយ។

កិច្ចប្រជុំបានដោះស្រាយពីបញ្ហាលើកឡើង និងសំណូមពររបស់វិស័យឯកជន ដោយការអនុវត្តត្រូវស្របតាមលក្ខខណ្ឌនានា ឬលិខិតបទដ្ឋានជាធរមាន និងការពន្លឿនការងារក្នុងការបម្រើសេវាសាធារណៈឱ្យបានកាន់តែឆាប់រហ័ស និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជនឱ្យកាន់តែស្អិតរមួត ក្នុងគោលដៅរួមធានាលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ៕







