រយៈពេល ៣ឆ្នាំវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បានបណ្ដុះបណ្ដាលយុវជន ជំនាញជាង ៤ពាន់នាក់
បាត់ដំបង៖ រយៈពេល ៣ឆ្នាំនៃអាណត្តិរបស់សម្ដេចធិបតី វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) បានបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនសិក្ខាកាមនៅគ្រប់កម្រិតសរុបជិត ៤ពាន់នាក់ទៅលើមុខជំនាញ ដែលសុទ្ធសឹងតែជាជំនាញដែលមានតម្រូវការខ្ពស់នៅលើទីផ្សារការងារ ។

លោក លោក តេង ចិន្តា នាយកវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំមកនេះ វិទ្យាស្ថានបានបណ្ដុះបណ្ដាល សិស្សគ្រប់កម្រិតសរុប ៣,៨៧៩នាក់។ ក្នុងនោះមានក្រុមដែលជាយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមាន ២,៨៤២ នាក់។

លោកនាយកបញ្ជាក់ថា «វិទ្យាស្ថានមានផ្តល់ការបណ្តុះបណ្តាលចាប់ពីកម្រិតវិញ្ញាបនបត្រ សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត១ ២ និង ៣ (C1, C2, C3) កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសឬបរិញ្ញាបត្ររង រហូតដល់ថ្នាក់បរិញ្ញាបត្របច្ចេកទេស ។ ជំនាញដែលកំពុងបណ្តុះបណ្តាលសុទ្ធសឹងតែជាជំនាញមានតម្រូវការខ្ពស់នៅលើទីផ្សារការងារ ដូចជា៖ វិស្វកម្មអគ្គិសនី, សំណង់ស៊ីវិល, វិស្វកម្មរថយន្ត, ព័ត៌មានវិទ្យា, និងសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ជាដើម»។

លោកនាយកបន្តថា សាលាមានការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ និង សាស្ត្រាចារ្យដែល មានបទពិសោធន៍ច្រើនឆ្នាំ ការបណ្ដុះបណ្ដាល ប្រកបដោយស្តង់ដារ មានការបន្ទប់ពីសោធន៍ រោងជាង និងសម្ភារៈបច្ចេកទេសទំនើបៗជាច្រើន ដែលសុទ្ធសឹងតែ ជាឧបករណ៍ស្របតាម បច្ចេកវិទ្យា និងស្តង់ដារដែលក្រុមហ៊ុន សហគ្រាសកំពុងប្រើប្រាស់ ដើម្បីធានាបាននូវជំនាញ ដែលសមប្រកបសម្រាប់ យុវជន ក្នុងការចូលទៅបំពេញតួនាទី នៅតាមរោងចក្រ សហគ្រាសភ្លាមៗ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាស្ថាន។
លោកបន្ថែមថា « វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បានចងក្រងបណ្តាញសហការយ៉ាងរឹងមាំ តាមរយៈការចុះអនុស្សរណៈយោគយល់ (MOUs) និងកិច្ចព្រមព្រៀង (MOAs) ជាមួយស្ថាប័ន ក្រុមហ៊ុន និងសហគ្រាសនានា។ ទន្ទឹមនឹងនេះ វិទ្យាស្ថាននៅតែបន្តចុះទំនាក់ទំនង និងចុះ MOU ជាមួយក្រុមហ៊ុនថ្មីៗបន្ថែមទៀតជាប្រចាំ ដើម្បីពង្រីកឱកាសការងារជូនសិស្ស»។

សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងសាកសួរព័ត៌មានតាមរយៈទូរសព្ទលេខ ០៨៦ ៨៧៩ ២៩២/ ០៩៣ ៦២៣ ៦៣៦/ ០១៦ ៥២២ ២០៦/ ០៨៦ ៥២៥ ៤០៧/ ០៨៦ ៤០៣ ១០៤/ ០៩៩ ៧៥៩ ៩៩០ ឬអញ្ជើញមកទីតាំងរបស់វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) ដោយផ្ទាល់នៅជាប់ផ្លូវជាតិលេខ៥ ខាងមុខព្រលានយន្តហោះវាលបែកចាន ខេត្តបាត់ដំបង ឬទាក់ទងមកកាន់ទំព័រហ្វេសប៊ុក របស់វិទ្យាស្ថាន ដើម្បីទទួលការប្រឹក្សាយោបល់ បន្ថែមដោយឥតគិតថ្លៃ៕




