គិតត្រឹមរសៀលថ្ងៃសុក្រនេះ អាជ្ញាធរ និងសមត្ថកិច្ចក្រុងប៉ោយប៉ែត ជម្លៀសពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាង ២៨៥គ្រួសារ ទៅកាន់ទីទួល សុវត្ថិភាព
បន្ទាយមានជ័យ ៖ គ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របានវាយលុកយ៉ាងគំហុក ចូលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ បន្ទាប់ពីមានជំនន់ទឹកភ្លៀងធ្លាក់ឥតឈប់ឈរ រួមផ្សំនិងទឹកហូរធ្លាក់ពីខេត្តស្រះកែវ ប្រទេសថៃ ដែលបានបង្កការលិចលង់លំនៅឋានពលរដ្ឋរាប់ម៉ឺនខ្នង និងអគាររដ្ឋបាលសាធារណៈជាច្រើនកន្លែងយ៉ាងដំណំ ។

ឆ្លើយតបបញ្ហាចំពោះមុខនេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាបន្ទាន់ ដល់កម្លាំងនគរបាល គ្រប់អធិការដ្ឋានក្រុង-ស្រុកទាំង៩ និងវរៈសេនាតូចការពារព្រំដែនគោកទាំង៤ ឱ្យពង្រឹងការយាមល្បាត និងសហការឱ្យ បានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបើកយុទ្ធនាការសង្គ្រោះជីវិតពលរដ្ឋពីតំបន់រងគ្រោះខ្លាំងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

គិតត្រឹមរសៀលថ្ងៃសុក្រនេះ អាជ្ញាធរ និងសមត្ថកិច្ចចម្រុះក្រុងប៉ោយប៉ែត បានចុះជម្លៀសពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ២៨៥គ្រួសារ (ក្នុងនោះសង្កាត់អូរជ្រៅ ១៥៥គ្រួសារ និងសង្កាត់ផ្សារកណ្តាល ១៣០គ្រួសារ) ទៅកាន់ទីទួលសុវត្ថិភាពហើយ ខណៈតួលេខនេះអាចនឹងបន្តកើនឡើងបន្ថែមទៀត ដោយសារស្ថានភាពទឹកកំពុងបន្តឡើងខ្ពស់៕


























អត្ថបទ: ប៊ុន សំណាង/Dap News
