ហេតុអ្វីយុវជន គួរជ្រើសរើសរៀនជំនាញ នៅវិទ្យាស្ថាន បច្ចេកវិទ្យាបាត់ដំបង?
បាត់ដំបង៖ ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ យុវជនជាច្រើនកំពុងពិចារណាអំពីជំហានបន្ទាប់សម្រាប់ការសិក្សា និងអាជីព។ ក្នុងនោះ ការជ្រើសរើសជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ត្រូវបានចាត់ទុកជាជម្រើសមួយ ដែលផ្តល់ឱកាសឱ្យយុវជនទទួលបានជំនាញអនុវត្តជាក់ស្តែង ស្របតាមតម្រូវការទីផ្សារការងារ និងមានលទ្ធភាពឈានចូលទីផ្សារការងារបានឆាប់រហ័ស។

លោក តេង ចិន្ដា នាយកវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) បានឱ្យដឹងថា វិទ្យាស្ថាន BIT គឺជាគ្រឹះស្ថានមួយដែលកំពុងផ្តល់ការបណ្តុះបណ្តាលលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើន ដោយផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង ដើម្បីឱ្យសិស្សនិស្សិតមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងទីផ្សារការងារ។
លោកនាយកមានប្រសាសន៍ថា៖ «មិនថាប្អូនៗទទួលលទ្ធផលនិទ្ទេសអ្វីនោះទេ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការជ្រើសរើសជំនាញដែលច្បាស់លាស់ ដែលទីផ្សារការងារកំពុងត្រូវការពិតប្រាកដ»។

សម្រាប់យុវជនដែលមានជីវភាពខ្វះខាត ក៏មានឱកាសទទួលបានអាហារូបករណ៍សិក្សាដោយឥតគិតថ្លៃ ១០០% ព្រមទាំងមានអន្តេវាសិកដ្ឋានសម្រាប់ស្នាក់នៅផងដែរ ដែលអាចជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ និងបង្កើនឱកាសឱ្យយុវជនអាចបន្តការសិក្សាជំនាញបាន។ នេះជាការបញ្ជាក់បន្ថែមរបស់លោកនាយកវិទ្យាស្ថាន BIT។

លោកថា សម្រាប់ឆ្នាំសិក្សាថ្មី វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង នឹងបើកបណ្តុះបណ្តាលលើជំនាញចំនួន ១៣មុខជំនាញ រួមមាន៖ វិស្វកម្មអគ្គិសនី, វិស្វកម្មរថយន្ត, វិស្វកម្មមេកានិក, វិស្វកម្មម៉ាស៊ីនស្វ័យប្រវត្តិកម្ម, វិស្វកម្មសំណង់ស៊ីវិល, គ្រប់គ្រងពាណិជ្ជកម្ម, ព័ត៌មានវិទ្យា, ការដំឡើង និងថែទាំប្រព័ន្ធបញ្ជា និងបណ្ដាញអគ្គិសនីក្នុងអគារ, អេឡិចត្រូនិក, ការគូរប្លង់ និងត្រួតពិនិត្យគ្រឿងបង្គុំសំណង់ស៊ីវិល, សំណង់ស៊ីវិល និងបរិក្ខារត្រជាក់។

ជាមួយគ្នានេះ លោក តេង ចិន្ដា បានអំពាវនាវដល់សិស្សានុសិស្សដែល ទើបបញ្ចប់ការប្រឡងបាក់ឌុប ឱ្យពិចារណាឱ្យបានច្បាស់លាស់អំពីជំនាញដែលខ្លួនចង់សិក្សា ដោយមិនគួរមើលតែសញ្ញាបត្រ ឬនិទ្ទេសជាចម្បងនោះទេ ប៉ុន្តែគួរពិចារណាលើជំនាញដែលមានតម្រូវការក្នុងទីផ្សារការងារ និងអាចបង្កើតឱកាសការងារ និងចំណូលនាពេលអនាគត៕



