ជំនន់លិចផ្លូវធ្ងន់ធ្ងរ ! មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ សម្រេចបិទចរាចរណ៍រថយន្តធុនធំ លើផ្លូវ៤ខ្សែ បណ្តោះអាសន្ន
បន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀងរួមផ្សំ ជាមួយនឹងទឹកធ្លាក់ហូរឆ្លងដែនមកពីប្រទេសថៃ បាននិងកំពុងវាយលុកលិចលង់ផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលជំរុញឱ្យមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សម្រេចចិត្តប្រកាសបិទ ផ្អាកជាបន្ទាន់ នូវរាល់ចរាចរណ៍យានយន្តធុនធំ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធកុំឱ្យខូចខាតទ្រង់ទ្រាយធំ និងធានាសុវត្ថិភាពអ្នកដំណើរអំឡុងពេលទឹកជន់លិចខ្លាំង។

វិធានការបិទផ្លូវនេះ ត្រូវបានអនុវត្តចំគោលដៅលើកំណាត់ផ្លូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ រួមមាន ផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត ផ្លូវជាតិលេខ៥៩ ក្នុងស្រុកម៉ាឡៃ ផ្លូវជាតិលេខ៥៦D ក្នុងស្រុកអូរជ្រៅ និងផ្លូវខេត្តលេខ១៥៩H ដែលកំពុងរងការគំរាមកំហែងយ៉ាងខ្លាំងពីកម្លាំងទឹកហូរច្រោះ។

ទោះបីជាការផ្អាកនេះ អាចប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូនបណ្តោះអាសន្ន របស់បងប្អូនប្រជាពលរដ្ឋក៏ដោយ មន្ទីរជំនាញសូមអំពាវនាវ ដល់ម្ចាស់យានយន្តធុនធំទាំងអស់ មេត្តាចូលរួមសហការ និងយោគយល់ខ្ពស់ រហូតទាល់តែស្ថានភាពទឹកស្រកចុះ ទើបផ្លូវបើកដំណើរការធម្មតាវិញ៕







អត្ថបទ:ប៊ុន សំណាង/Dap News
