មន្រ្តីអន្តោប្រវេសន៍ម្នាក់ នៅព្រលានយន្តហោះតេជោ ស៊ីសំណូកជាង២០ម៉ឺនដុល្លារ នាំពួកស្គេម ចូលកម្ពុជាខុសច្បាប់
ភ្នំពេញ ៖ ក្នុងករណីមេក្រុមអនឡាញហ្គេម នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ពាក់ព័ន្ធជនជាតិចិន កាលពីពេលថ្មីៗនោះ ត្រូវបានរកឃើញ តាមខ្សែរយៈជាមន្ត្រី អន្តោប្រវេសន៍ នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានទទួលសំណូក នូវទឹកប្រាក់ជាង២០ម៉ឺនដុល្លារ ។
យោងតាមប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក សយ ច័ន្ទវិចិត្រ បានឱ្យដឹងថា បន្ទាប់ពីអស់អគារធំៗ សម្រាប់លួចលាក់ធ្វើសកម្មភាព ក្រុមអនឡាញហ្គេមនៅព្រែកខ្សាច់ ដែលបែកខ្ញែក បន្តសកម្មភាពជាក្រុមតូច ។ ករណីមេក្រុមឈ្មោះ ត្រងោល ជាឈ្មោះហៅក្រៅ និងមានឈ្មោះក្នុងក្រុម ឆៃ យ៉ូវយៀន ហើយឈ្មោះពិតក្នុងអត្តសញ្ញាណបណ្ណសញ្ជាតិចិន និងក្នុងលិខិតឆ្លងដែនចិន ចាង ចៀនឃាំង ។ ឆៃ យ៉ូវយៀន បានផ្តល់អត្ថប្រយោជន៍ (សូក) លោក រៀម រុំ មេឃុំព្រែកខ្សាច់ ដើម្បីទទួលបានទីតាំងជា ជម្រកភស្តុភារ កិច្ចការពារឱ្យពួកខ្លួន អាចបន្តសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។
អ្នកនាំពាក្យបន្តថា ក្រៅពីមានមេឃុំព្រែកខ្សាច់ និងបក្ខពួក និងមានអធិការរង ស្រុកគិរីសាគរ វរសេនីយ៍ទោ ជិន សុភាន់ ឃុបឃិត សមគំនិត ។ ឆៃ យ៉ូវយៀន មេក្រុមអនឡាញស្គេមនេះ ក៏នៅមានបណ្តាញរបស់ខ្លួនមួយទៀត ដែលចាំសម្រួលឱ្យពួកអនឡាញ ស្គេមចូលមកកម្ពុជា ដោយខុសច្បាប់ តាមព្រលានអន្តរជាតិតេជោ ។ បណ្តាញនោះ មានឈ្មោះ ភេ ផាត់ផេង PHE PHAT PHENG (ហៅ Yong Ping ហៅ Jack ហៅ Jack YP ហៅ Yong Ping Isolated ហៅ Yong Ping Alzheimer) ជាអនុសេនីយ៍ទោ នគរបាលអន្តោប្រវេសន៍ ។

ភេ ផាត់ផេង បានប្រព្រឹត្តអំពើល្មើសច្បាប់ ផ្ទុយពីគោលការណ៍ និងការដឹកនាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយហ៊ានរៀបចំឱ្យជនបរទេស ចូលកម្ពុជាដោយខុសច្បាប់ ដូចជាជនបរទេសដែលមានឈ្មោះក្នុងបញ្ជីខ្មៅ ជនបរទេសប្រើលិខិតឆ្លងដែនក្លែងក្លាយ ក្រុមជនបរទេសដែលមកកម្ពុជា ដែលចង់ឱ្យមានអ្នកឈរនាំចូល លើកផ្លាកឈ្មោះចាំទទួល អ្នកជូនដំណើរ ជាថ្នូរនឹងប្រាក់កាស។ ពួកអនឡាញស្គេមនេះ ត្រូវបាន ភេ ផាត់ផេង រៀបចំឱ្យចូលកម្ពុជា ដោយគ្មានឧបសគ្គ ។ ក្នុងនោះ មានទាំងក្រុមអនឡាញស្គេម របស់ ឆៃ យ៉ូវយៀន។ ភេ ផាត់ផេង កំណត់តម្លៃសេវាខុសច្បាប់ លើការចូលប្រទេសកម្ពុជា សម្រាប់ទិដ្ឋាការពាណិជ្ជកម្ម ។ ដោយ ភេ ផាត់ផេង តម្រូវឱ្យអតិថិជនទាំងអស់នោះ ផ្ញើមកខ្លួនជាមុន នូវសំបុត្រយន្តហោះ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ ដើម្បីខ្លួនរៀបចំឱ្យជាមុន ហើយពេលមកដល់អតិថិជន នោះគ្រាន់តែថតរូបពេញមួយតួខ្លួន និងភិនភាគងាយឱ្យខ្លួន (ភេ ផាត់ផេង) ទៅទទួល ។ ភេ ផាត់ផេង ក៏មានក្រុមសន្ទនា (Group) ជាភាសាចិន ជាច្រើន ។
ក្នុងសកម្មភាពរត់ការ និងសម្របសម្រួលករណីជនបរទេសជាប់បញ្ជីខ្មៅ (Black list) ហាមមិនឱ្យចូលកម្ពុជា និងមុខសញ្ញាអនឡាញហ្គេមគិតត្រឹមខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ តាមភស្តុតាងដែល ACU ប្រមូលបានមិនទាន់អស់ ភេ ផាត់ផេង ទទួលប្រាក់ចំនួន២០២១០៧ដុល្លារ លើ ៣០១ ករណី។ ប្រាក់ពុករលួយជាង២០ម៉ឺនដុល្លារនេះ ត្រូវបានរកឃើញថា ភេ ផាត់ផេង យកទៅទិញរថយន្ត បង់រំលោះផ្ទះក្នុងបុរី L Village Residence តម្លៃ៧៨០០០ដុល្លារ ។
ជនសង្ស័យ ភេ ផាត់ផេង អាយុ៣០ឆ្នាំ ត្រូវក្លាយជាជនត្រូវចោទក្នុងសំណុំរឿងព្រហ្មទណ្ឌ របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញពីបទ៖ រំលោភអំណាចមានប្រសិទ្ធភាព នៃច្បាប់ស្តីពីការប្រឆាំងអំពើ ពុករលួយ ៕


