Feature

លោក អ៊ុំ រាត្រី បញ្ជាឱ្យអាជ្ញាធរក្រុង-ស្រុក និងសមត្ថកិច្ច ត្រៀមកងកម្លាំងបន្ថែម និងមធ្យោបាយ សង្គ្រោះពលរដ្ឋ ពីតំបន់ជន់លិចខ្លាំង

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលក្រុង-ស្រុកទាំងអស់ ឲ្យត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ និង ប្រើប្រាស់គ្រប់មធ្យោបាយសង្គ្រោះ ដើម្បីអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋ ចេញពីតំបន់ប្រឈមមុខខ្ពស់ នឹងការជន់លិច ទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ ខណៈស្ថានភាពទឹកទឹកជំនន់កំពុង បន្តកើនឡើងខ្ពស់គួរឱ្យបារម្ភ។

ការប្រកាសដាក់បទបញ្ជាបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង មន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពទឹក នៅតាមដងស្ទឹងសិរីសោភ័ណ ស្ថិតក្នុងសង្កាត់ទឹកថ្លា សង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា។ ក្នុងបេសកកម្មនេះ លោកអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរសង្កាត់ទាំង៧ ក្នុងក្រុងសិរីសោភ័ណ រួមទាំងបណ្តាក្រុង-ស្រុកទូទាំងខេត្ត ត្រូវត្រៀមកងកម្លាំងន្ថែម និងមធ្យោបាយសង្គ្រោះបន្ទាន់ ដើម្បីធានាអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាន់ពេលវេលា។

ទន្ទឹមនឹងការដាក់ពង្រាយកងកម្លាំងអន្តរាគមន៍ និង ការរៀបចំទីទួលសុវត្ថិភាពជូនពលរដ្ឋ រដ្ឋបាលខេត្តក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងតំបន់ប្រឈម សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពជំនន់ទឹកភ្លៀងនេះ។ អាជ្ញាធរមូលដ្ឋានត្រូវបន្តតាមដាន ស្ថានភាពអាកាសធាតុ និងចុះផ្សព្វផ្សាយជាប្រចាំ ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ កើតមានជាយថាហេតុណាមួយកើតឡើង៕

អត្ថបទ: ប៊ុន សំណាង/Dap News

To Top